ម្ចាស់​ឱសថស្ថាន​សុខ​សាន្ត​ ​ហៅ​ពេទ្យ​តឿ​ ​លោត​ពីលើ​​ផ្ទះស្លាប់

ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលកើតឡើងដោយការធ្វើអត្តឃាតរបស់ម្ចាស់​ឱសថស្ថាន​សុខ​សាន្ត​ ​ហៅ​ពេទ្យ​តឿ​ ​ដោយលោត​ពីលើ​​ផ្ទះ​ថ្ម​ជាន់​ទី​២ ស្លាប់ ​ដោយសារ​គាត់មាន​ជំងឺ​រ៉ាំរ៉ៃ​ជា​​ច្រើន​ឆ្នាំមក​ហើយព្យាបាលមិនជានិងស្មុគរស្មាញក្នុងជីវិតខ្លាំងពេក ។

ការ​​ធ្វើ​អត្តឃាត​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​ កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​​១២​ និង​៣០​នាទី​រសៀល ថ្ងៃ សុក្រ ៥ កើត ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ទី​១៤ កញ្ញា ឆ្នាំ២០១៨​ នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។ ម្ចាស់​ឱសថស្ថាន​ដែល​លោត​សម្លា​ប់​ខ្លួន​នេះ​ឈ្មោះ អុិន សំណាង ហៅ​ពេទ្យ​តឿ ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ ។

មន្ត្រី​នគរបាលព្រហ្មទណ្ឌ​​ក្រុងសិរីសោភណបាន​ប្រាប់​ថា លោកគ្រូ​ពេទ្យ​​តឿ​​បាន​ធ្វើ​អត្តឃាត​ ដោយ​លោត​ពីលើ​ដំបូលផ្ទះជាន់​ទី​២ ​ហើយ​ភ្លាមៗត្រូវ​បាន​ដឹក​​បញ្ជូន​ទៅ​​មន្ទីរព្យាបាល​មួយ​ក្នុង​សិរី​សោភ័ណ តែ​នៅ​ពេល​ទៅ​ដល់​ត្រូវ​បាន​​​គ្រូ ពេទ្យ​ប្រាប់​ថា ​គាត់​​ស្លាប់ហើយ ​ទើប​បញ្ជូន​សព​មក​លំនៅ​ឋាន​វិញ ។

ក្រោយមកមន្ត្រី​នគរបាល​ជំនាញ​ដែល​​ទៅ​ពិនិត្យ​និងធ្វើកោសល្យវិច័យ​ឃើញ​​ថា លោកគ្រូ​ពេទ្យ​រូប​នេះ​បាក់ដៃ​ឆ្វេង បាក់​ខ្ទង់ច្រមុះ បែក​ចង្កា និង​មានបន្សល់​ទុក​​​លិខិត​​​សរសេរ​ដោយ​ដៃ​លើ​​សន្លឹក​សៀវភៅ​ទុកជា​បណ្តាំ​ដល់​ប្រពន្ធ​កូន​ និង​ចៅ ចំនួនពីរសន្លឹកដោយ រៀបរាប់យ៉ាងវែងអន្លាយរៀបរាប់ពីការលំបាកក្នុងការរស់នៅជាមួយជំងឺរ៉ាំរ៉ៃព្យាបាលមិនជា ទោះបីទៅព្យាបាលច្រើនប្រទេសក៏ដោយ  ។

តាម​សាច់ញាតិ​និយាយ​​ថា លោកគ្រូ​ពេទ្យ​​រូប​នេះ​ មានការ​ធុញថប់​នឹងជំងឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ​​មក​ហើយ និង​បាន​ទៅ​ព្យាបាល​នៅ​ជា​ច្រើន​ប្រទេស តែ​មិនជា ។ ចំណែក​​ប្រពន្ធ​កូន​មិន​ឱ្យ​គាត់​ជួយ​លក​់​ថ្នាំទេ​ គឺ​ចង់ឱ្យ​គាត់​សម្រាក​ឱ្យ​បាន​ច្រើន ​តែ​គាត់​​នៅ​តែ​​ជួយ​ ហើយ​​ពេល​ណា​​ជំងឺ​ធ្វើទុក្ខ​ ក៏​ទៅ​សម្រាក​នៅក្នុងផ្ទះ ។ លុះ​នៅ​វេ​លា​ថ្ងៃត្រង់​ថ្ងៃនោះ ខណៈ​ប្រពន្ធ​​កូន​ជាប់រវល់​លក់​ថ្នាំពេទ្យ​នៅ​ខាងក្រោម ស្រាប់​តែគាត់​​ឡើង​​លើដំបូល​ជាន់​ទី​២ ហើយ​លោត​សម្លាប់​ខ្លួន​មក​ខាងក្រោមផ្ទះស្លាប់ដូចបំណងតែម្តង  ។

បន្ទាប់មកសមត្ថកិច្ចជំនាញ បានប្រគល់សាកសពជនរងគ្រោះឲ្យក្រុម​គ្រួសារធ្វើបុណ្យ​តាមប្រពៃណី ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *