សាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែកទឹកទើរឆ្នេរកោះយ៉សង្ស័យករណីឃាតកម្ម

ខេត្តកោះកុងៈ បន្ទាប់ពីបានប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតទឹក​មកតើនៅឆ្នេរកោះយ៉ សមត្ថកិច្ចជំនាញស្រុកមណ្ឌលសីមា សហការជាមួយក្រុមគ្រូពេទ្យ​ជំនាញ និងអាជ្ញាធរមូលដ្ឋាន ក្នុងឃុំបាក់ខ្លង បានចុះទៅ​ធ្វើកោសលវិច័យភ្លាមៗ នាវេលា​៦ព្រឹក ថ្ងៃ ចន្ទ ៨ កើត ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ កញ្ញា ២០១៨ នៅ ឃុំបាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង ។

ក្រោយប្រតិបត្តិការអស់រយៈពេលពេញមួយព្រឹក សមត្ថកិច្ចជំនាញរក ឃើញថាសពបុរសវ័យ​ជាង​៣០ឆ្នាំរូបនេះ មានភាពមិនប្រក្រតីមួយចំនួន គួរឲ្យកត់សម្គាល់​ដូចជា មានស្នាមរបួស​ក្រោមចង្ការខាងស្តាំ ស្នាមជាំខ្មៅខៅកញ្ចឹងក អណ្តាតនិងភ្នែកទាំងពីរលានចេញមកក្រៅ និងបន្សល់ទុក កាបូបមានលុយរៀលបន្តិចបន្តួច គ្មានអត្តសញ្ញាណបណ្ណសម្គាល់​ខ្លួនក្នុង ហោប៉ៅនោះ​ឡើយ ។

យោងតាមការពិនិត្យជាក់ស្តែងនិងភស្តុតាងខាងលើ សមត្ថកិច្ចជំនាញនៅមិនទាន់ហ៊ាន​កំណត់​ច្បាស់​លាស់នៅឡើយថា សពរងគ្រោះស្លាប់ដោយមូលហេតុអ្វី? ក្រោមហេតុផល​មួយថា សពរងគ្រោះបានស្លាប់យូរថ្ងៃកន្លងមកហើយ ធ្វើឲ្យ​ក្រុមការងារត្រួតពិនិត្យ​ពិបាក​វាយតម្លៃ និងធ្វើការសន្និដ្ឋានលើករណីមួយនេះណាស់។

យ៉ាងណាក្នុងករណីនេះមានប្រភពពីប្រជាពលរដ្ឋបានបង្ហើបប្រាប់ឲដឹងថា ប៉ុន្មាថ្ងៃមកនេះ គាត់បានប្រទះឃើញក្រុមក្មេងៗជាអ្នកនេសាទតាមទូកតែងតែចុះរាវរកមនុស្សបាត់ខ្លួនម្នាក់ នៅតាមបណ្តោយឆ្នេរកោះយ៉ ហើយនៅថ្ងៃទី១៦ កញ្ញា ២០១៨ ក៏បានមករាវម្តងទៀតដែរ លុះព្រឹកឡើងក៏បាត់ខ្លួន ក្រុម អ្នកទាំងនោះអស់ទៅ ហើយឮថា ឡើងរថយន្តត្រឡប់ទៅ​ស្រុកនៅខេត្តព្រៃវែង។

នេះគ្រាន់តែជាតម្រុយមួយដែលបានបន្សល់ទុកនៅភាពស្មុគ្រស្មាញដល់សមត្ថកិច្ច និងអាជ្ញា​ធរ​មូលដ្ឋាន ក្នុងការស្រាវជ្រាវរកក្រុមគ្រួសារសពជនរងគ្រោះ ដើម្បីមកទទួលសពយកទៅធ្វើ​បុណ្យ​តាមប្រពៃណី។ សពបុរសនេះបាន​ដាក់តម្កល់រង់ចាំសាច់ញាតិនៅក្នុងបរិវេណ​វត្តសមុទ្ធារាម ហៅវត្តបាក់ខ្លង ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅឡើយ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *