បញ្ជូនគ្រូហាត់ប្រាណទៅតុលាការបន្ទាប់ពីធ្វើទារុណកម្មផ្លូវភេទលើស្រីស្នេហ៍ពេលដឹងថាមានគូដណ្តឹង

ភ្នំពេញ: សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវ​ជ្រាវបទ​ល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថ​រាជធានីភ្នំពេញព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨  បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលា​ដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី ហិង្សាគំរាមសម្លាប់ ,បង្ខាំងទុក និង អំពើទារុណកម្ម ។

ជនសង្ស័យ ឈ្មោះ ព្រឿង សំអឿន ហៅសេម ភេទប្រុស អាយុ ៣៩ឆ្នាំ ធ្លាប់ជាអាណិកជន​រស់នៅ​សហរដ្ឋអាមេរិកនិង អាចចាត់ទុកថាជាជនកំណាចឃោរឃៅម្នាក់នៅកម្ពុជា ប្រចាំឆ្នាំ​២០១៨ ដែលគួរឲ្យភ្ញាក់ផ្អើលបំផុត ដោយសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ​ឃើញ​ថា ជននេះមានមុខរបរជាគ្រូបង្រៀនលំហាត់ប្រាណ នៅក្នុងក្លឹបស៊ុបភឺហ្វីត បានប្រព្រឹត្ត​អំពើ បង្ខាំងទុកនារីម្នាក់ ប្រើអំពើហិង្សា និងធ្វើទារុណកម្មផ្លូវភេទ លើជនរងគ្រោះ ឈ្មោះ ម.ហ ភេទស្រី អាយុ ២២ឆ្នាំ ជានិសិត្សឆ្នាំទី២ ព្រមទាំងបានទូរស័ព្ទទៅក្រុមគ្រួសាររបស់ជនរងគ្រោះ ប្រើពាក្យសំដីមិនសមរម្យ ប៉ះពាល់ដល់កិត្តិយសជនរងគ្រោះ និងគំរាម​បង្ហោះវីដេអូរួមភេទ​ជាមួយគ្នាផងដែរ។

ជនសង្ស័យ បានសារភាពឲ្យដឹងថា រូបខ្លួន និងជនរងគ្រោះ បានស្គាលគ្នារយ:ពេល​១ឆ្នាំមក​ហើយ ពួកគេទាំង​២នាក់ ស្គាល់ដំបូង គឺជនរងគ្រោះតែងមកហាត់ប្រាណនៅ​ក្នុងក្លឹបស៊ុបភឺ​ហ្វីត​រាល់ថ្ងៃ ហើយខ្លួនជាគ្រូបង្រៀនលំហាត់ប្រាណនៅទីនោះ។ ក្រោយពេលពួកគេទាំង ​២នាក់ ស្គាល់គ្នាបានប្រហែល​៣សប្តាហ៍ ពួកគេទាំង​២នាក់ បានស្រលាញ់គ្នាជាសង្សារ ហើយ​តែងតែទូរស័ព្ទណាត់ជួបគ្នា ដើម្បីរួមភេទជាញឹកញាប់ក្នុង​១សប្តាហ៍ ២ទៅ​៣ដង ហើយក្នុង​ពេល​រួមភេទម្តងៗ ជនសង្ស័យខាងលើ តែងតែ ថតជាវីដេអូទុកផងដែរ។ លើកដំបូង ពួកគេរួម​ភេទ ជាមួយគ្នាក្នុងផ្ទះសំណាក់ម្តុំផ្សារសុវណ្ណា ហើយក្រោយៗមកទៀត ពួកគេបានជួលបន្ទប់​ខុនដូរមួយឈ្មោះMHM បន្ទប់លេខ១៦៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីណាត់ជួបគ្នារួមភេទ។

តាមការបញ្ជាក់របស់នារីរងគ្រោះបានឲ្យដឹងថា ដំបូងឡើយរូបនាងពិតជា​បានស្រឡាញ់​ជន​សង្ស័យជាសង្សារខ្លាំងណាស់ តែរយ:កាលក្រោយៗមក រូបនាងបែរជាមានការភ័យខ្លាច​ជាខ្លាំង ព្រោះតែជនសង្ស័យហាក់ដូចជាមនុស្សរោគចិត្ត ត្បិតពេលរួមភេទជាមួយគ្នាម្តងៗ ជនសង្ស័យមិនត្រឹមតែថតវីដេអូទុកប៉ុណ្ណោះទេ រូបគេថែមទាំងប្រើទារុណកម្មឃោរឃៅ ក្នុងពេលរួមភេទ ដូចជា ក្តិច ខ្ញាំ ខាំ ច្របាច់ មួលកដៃនិងវាយបែកមាត់ លើរូបនាងជា​ញឹក​ញាប់ រហូតដល់នាងបែកចិត្តទៅភ្ជាប់ពាក្យជាមួយអ្នកថ្មី។ក្រោយពេលជន​សង្ស័យ បាន​ដឹង​ថា​នាងមានគូរដណ្តឹង ជនសង្ស័យក៏បានប្រើហិង្សាលើរូបនាងចំនួន​៦ដង និង គំរាម​បង្ហោះវីដេ​អូរួម​ភេទជាមួយគ្នាផងដែរ។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ខណ:ពេលដែលនារីរងគ្រោះនិងជនសង្ស័យនៅជាមួយគ្នា ស្រាប់តែគូដណ្តឹងនារីរងគ្រោះ បានឆាតមក ក៏ត្រូវជនសង្ស័យឆែកឃើញ បណ្តាលឲ្យមាន​ការឈ្លោះប្រកែកគ្នា ហើយជនសង្ស័យបានឆាតទៅគំរាម គូរដណ្តឹងនារីរងគ្រោះ ឲ្យឈប់​ទាក់ទងនាងជាបន្ទាន់ បើមិនដូច្នោះទេរូបគេនឹងធ្វើអ្វីមួយ ចំពោះគូដណ្តឹងនារីរងគ្រោះ​ជាក់​ជាមិនខាន ហើយបន្ទាប់មក ជនសង្ស័យបានបង្ខាំងនារីរង​គ្រោះទុកក្នុងបន្ទប់​ខុនដូមិន​ឲ្យចេញទៅណា ព្រមទាំងបានចាប់បោចសក់ និងរុញផ្ទប់ នារីរងគ្រោះទៅនឹងជញ្ជាំង ហើយ​បានខាំទៅលើជនរងគ្រោះ​២កន្លែង គឺដៃ​១កន្លែង និងខាំកំប៉េះគូទ​​១កន្លែង។ បន្ទាប់មកជនសង្ស័យបានកាត់ក្រណាត់អាវយឺតជាកង់ៗ បម្រុងយកមក ចងដៃ ចងជើងនាង តែដោយសារនារីរងគ្រោះអង្វរពេក ទើបរូបគេមិនបានចង ហើយក៏បង្ខំនារីរងគ្រោះ​ឲ្យទូរស័ព្ទ​ទៅនិយាយជាមួយគូ​ដណ្តឹង ថាពួកគេទាំង​២នាក់ រស់នៅជាមួយគ្នាជារៀងរាល់ថ្ងៃ បើនាងមិន​ទូរស័ព្ទទៅទេ ជនសង្ស័យគំរាមថានឹងយកកន្ត្រៃមកកាត់សក់ចេញឲ្យអស់ ហើយសម្លាប់​ចោលតែ​ម្តង ទើបនារីរងគ្រោះបង្ខំចិត្តទូរស័ព្ទទៅគូ​ដណ្តឹង និយាយតាមការគំរាម​របស់ជនសង្ស័យ ហើយ ជនសង្ស័យបានបង្ខាំងនាងទុកនៅក្នុងបន្ទប់ខុដូ និងយកកាំបិតចុងស្រួច សស្ញាចមួយ គំរាម​នាងមិនឲ្យចេញទៅណាជាដាច់ខាត។

លុះដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ម្តាយមីងរបស់នារីរងគ្រោះ បានបាត់ដំណឹងក្មួយស្រី​ពេញ​មួយយប់ ក៏បានដាក់ពាក្យបណ្តឹងមកកាន់បញ្ជាការដ្ឋានកងរាជ​អាវុធហត្ថរាជធានី​ភ្នំពេញឲ្យជួយស្រាវជ្រាវ រហូតឈានទៅដល់រកឃើញទីតាំងបង្ខាំងទុកផ្ទាល់ ដោយមានការសហការ​ជាមួយសមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន។
ពេលដែលសមត្ថកិច្ចអាវុធហត្ថចុះទៅដល់ ជនសង្ស័យមិនព្រមបើកទ្វារនោះទេ ថែមទាំងគំរាមសមត្ថកិច្ចថារូបគេនឹងសម្លាប់នារីរងគ្រោះចោលក្នុងបន្ទប់ទៀតផង បន្ទាប់មកជនសង្ស័យបានយក ស្ព្រាយបាញ់ទៅលើទ្វារកញ្ចក់ មិនឲ្យសមត្ថកិច្ចមើលឃើញដល់ក្នុងបន្ទប់ បម្រុងរត់គេចខ្លួន តែមិនអាចចេញទៅណារួច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថទម្លាយទ្វារចូលទៅឃាត់ខ្លួន និងរំដោះជនរងគ្រោះបានតែម្តង។ បន្ថែមពីលើនេះទៅទៀត តាមការធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញថា ជនសង្ស័យដែលជាមនុស្សកំណាចឃោរឃៅម្នាក់នេះ មានជាប់សារធាតុញៀនផងដែរ៕ អូន ធួក​

 

Leave a Reply

Your email address will not be published. Required fields are marked *