អាចម៍ដីយាយភូ ចាក់រំលោភយកឆ្នេរសមុទ្រ នៅខេត្តព្រះសីហនុ កំពុងសម្រុកកាយចេញ

 ព្រះសីហនុ៖ គិតត្រឹមរសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ សកម្មភាពគ្រឿងចក្រ​កំពុងសម្រុកកាយអាចម៍ដីដឹកចេញដើម្បីរក្សាឲ្យបាននូវស្ថានភាពដើម ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នោះ គឺអាចម៍ដីដែលកាយយកចេញ​ដឹកទៅលក់បន្តបានតម្លៃថោកជាងពេលដឹកមកចាក់រហូតជាងពាក់កណ្តាល បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បញ្ជាឲ្យកាយអាចម៍ដីនេះចេញពីឆ្នេរព្រែកត្រែង ដែលលោកស្រី ជឹង សុភាព ហៅយាយភូ  បានចាក់ទន្ទ្រាន រំលោភយក នៅខេត្តព្រះសីហនុ។

ភ្ញៀវទេសចរជាតិ ដែលបានមកលំហែកាយ នៅឆ្នេរព្រែកត្រែង បានសំដែងការអបអរសាទរយ៉ាងខ្លាំង ចំពោះវិធានការដ៏ក្តៅគគុករបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងមាត់លើបញ្ហាចាក់អាចម៍ដីរំលោភយកឆ្នេរសមុទ្រនេះ។ ពួកគាត់បានបន្តទៀតថា ទាល់តែមានបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី តាមរយៈលោកឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ទើបមានប្រសិទ្ធភាពលើបុគ្គលដ៏មានឥទ្ធិពលដូចយាយភូនេះ ព្រោះអាជ្ញាធរខេត្ត ស្រុកមិនហានប៉ះពាល់ ឬអាចទទួលបានផលប្រយោជន៍ពីសកម្មភាពចាក់ដីចូលសមុទ្រនេះ ទើបមិនធ្វើរបាយការណ៍បញ្ជូនទៅថ្នាក់លើបានដឹង។

តំណាងក្រុមហ៊ុនក្នុងស្រុកដែលទទួលសិទ្ធិវិនិយោគតំបន់ឆ្នេរព្រែកត្រែង បានប្រាប់ ក្នុងល័ក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះថា «មុនដំបូងឡើយមហាជនបានដាក់ការសង្ស័យមកលើក្រុមដែលបានសិទ្ធិវិនិយោគតំបន់នេះ ជាអ្នកចាក់លុប រំលោភយកឆ្នេរនេះ»។

ប្រភពបន្តទៀតថា កន្លងមកក្រុមហ៊ុនធ្លាប់តវ៉ា និងហាមឃាត់មិនឲ្យចាក់ដីចូលសមុទ្រនេះ តែគ្មានន័យសម្រាប់ឲ្យគេធ្វើតាមឡើយ ព្រោះបុគ្គលមានអំណាចបានឃុបឃិតជាមួយមន្ត្រីថ្នាក់ខេត្ត និងអន្តរក្រសួងដែលធ្លាប់ចុះមកសិក្សាជុំវិញបញ្ហានេះ ដោយមិនដឹងថា អស់អន្តរក្រសួង និងអ្នកពាក់ព័ន្ធធ្វើរបាយការណ៍របៀបណាដាក់ជូនថ្នាក់ដឹកនាំនោះទេ ទើបឈានដល់ការអាចម៍ដីចូលឆ្នេរសមុទ្របង្កឲ្យមហាជនរិះគន់រហូតមានប្រតិកម្មពីប្រមុខរដ្ឋាភិបាលដាក់បទបញ្ជាឲ្យកាយចេញវិញទាំងអស់ដើម្បីរក្សាស្ថានភាពដើមរបស់ឆ្នេរវិញ។

អ្នកមើលការខុសត្រូវក្រុមហ៊ុនវិនិយោគឆ្នេរព្រែកត្រែង បានបញ្ជាក់ថា «អាចម៍ដីដែលលោកស្រី ជឹង សុភាព ហៅយាយភូ កំពុងសម្រុកកាយយកចេញវិញហើយ ដោយដឹកយកទៅបន្តបានតម្លៃក្នុងមួយរថយន្តបែនកង់១០ តម្លៃ១៥ដុល្លារ ថោកជាងកាលពីដឹកមកចាក់ គឺតម្លៃ ៤៥ដុល្លារ ក្នុងមួយឡាន។ បើតាមផែនការរបស់យាយភូ ការចាក់អាចម៍ដីរំលោភយកឆ្នេរចូលទៅក្នុងសមុទ្រប្រវែងប្រមាណ៣០០ម៉ែត្រឯណោះ ហើយបើថ្នាក់ដឹកនាំទប់ស្កាត់មិនទាន់ពេលវេលាទេនោះកាន់តែធ្ងន់ធ្ងរជាមិនខានឡើយ»។

សូមបញ្ជាក់ថា គ្រឿងចក្រដែលកំពុងកាយយកអាចម៍ដីចេញពីសមុទ្រនោះ មានអេស្ការវ៉ាទ័រ ០៤គ្រឿង និងរថយន្តបែនជាច្រើនគ្រឿងទៀតផងដែរ ៕ កុសល

 

Leave a Reply

Your email address will not be published. Required fields are marked *