ភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការចូលរួម ដើម្បីអនុវត្តន៏គោលនយោបាយភូមិ សង្កាត់មានសុវត្ថិ ភាព ជាមួយរាជរដ្ឋាភិបាល ឈប់លេងល្បែងស៊ីសង ជាពិសេសល្បែងកន្ទុយលេខ ។លោក ប៉ា សុជាតិវង្សសំណូមពរបែបនេះនៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រវ៉ាត់ក្រុងឬផ្លូវប្រទះឡាងតភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់ចំណុចផ្សារបែកចាន ទៅផ្លូវជាតិលេខ៣ត្រង់ចំណុចវត្តស្លែង កាលពីថ្ងៃទី៣១តុលា២០១៦ ។
លោកបន្តថា បញ្ហាគ្រឿងញៀនល្បែងស៊ីសង ការជួញដូរ បញ្ហាបងធំ បងតូច ក្មេងទំនើង និងបញ្ហាអាវុធជាតិផ្ទុះជាដើម ដែលធ្វើឲ្យមានការព្រួយបារម្ភ និងរំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយបញ្ហានេះ ជាភារកិច្ចស្នូលរបស់អាជ្ញាធរ ត្រូវតែបង្ក្រាប ។ គ្មានអ្នកណាដឹងច្បាស់ជាងប្រជាពលរដ្ឋនោះទេ ហើយប្រជាពលរដ្ឋខ្លួនឯងក៏ត្រូវយល់ថា អ្វីដែលខុសច្បាប់សូមកុំប្រព្រឹទ្ធ ដូចជា មេកន្ទុយលេខរស់បាន ក៏ដោយសារកូនកន្ទុយលេខចេះតែយល់សប្តិរួចនាំគ្នាកាត់លេខចាក់ឆ្នោតនោះដែរ ។មានអ្នកខ្លះខំរត់ម៉ូតូឌុបសន្សំលុយបានក៏នាំគ្នាប្រមូលយកទៅចាក់កន្ទុយលេខអស់ ដូច្នេះហើយសូមនាំគ្នាឈប់ចាក់ឆ្នោតទៅ មេកន្ទុយលេខនឹងដួលខ្លួនឯងតែម្តង ដែលបញ្ហាទាំងអស់នេះទាល់តែមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យភូមិសង្កាត់របស់យើងមានសុវត្ថិភាព ទាំងអស់គ្នា ៕ ប្រសើរ
