កាំកុងត្រូលខេត្តបាត់ដំបងរកឃើញទំនិញខូចគុណភាពចម្រុះសរុបប្រមាណ១៧គីឡូក្រាម

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃ ថ្ងៃ ព្រហស្បតិ៍ ១១ កើត ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.​២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលសាខាខេត្តបាត់ដំបង បាន​សហការជាមួយមន្រ្តី​មន្ទីរ​ពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យផលិត​ផល​ទំនិញដាក់​តាំងលក់នៅផ្សារទំនើប ហេង ឆៃលី ខេត្តបាត់ដំបង​ដើម្បីស្វែងរកទំនិញខូចគុណភាព ហួស​កាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមីហាមឃាត់។ ក្នុងនោះដែរសមត្ថកិច្ចបានដកហូតទំនិញខូចគុណភាពចម្រុះសរុបប្រមាណ១៧គីឡូក្រាម យកមករក្សាទុកនៅសាខា​ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានឲ្យដឹងថា ដើម្បីទប់ស្កាត់​រាល់​ទំនិញខូចគុណភាព និងសុខភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មន្រ្តីជំនាញ បានសហការ​ជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារ​ដែលដាក់សារធាតុគីមី ហាមឃាត់នៅតាមផ្សារ។ក្នុង ពេលចុះត្រួតពិនិត្យ ក្រៅពីនៅផ្សារទំនើប ហេង ឆៃលី នោះ​ក្រុមការងារ មិនបានរកឃើញទំនិញខូចគុណភាព មាននៅផ្សារទំនើបឡាក់គីនោះទេ។

លោកប្រធានបានបញ្ជាក់ថា «មន្រ្តីជំនាញយើងនៅតែបន្តចុះជាប្រចាំដើម្បីអប់រំ ផ្សព្វផ្សាយ តាមរយៈបិទស្ទីកឃើ ឬដោយផ្ទាល់ នៅតាមកន្លែងលក់គ្រប់ទីកន្លែង ប្រាប់ពីផលប៉ះពាល់​សុខភាព ដោយសារចំណីអាហារ ដាក់លក់នៅលើទីផ្សារ និងធ្វើការត្រួតពិនិត្យ​រាល់ការ​នាំចូល និងការដាក់តាំងលក់ទំនិញខូចគុណភាពដាក់លាយសារធាតុគីមី គ្មានកាលបរិច្ឆេទ​ច្បាស់លាស់ មិនឲ្យមានធ្វើចរាចរណ៍លក់ដូរនៅលើទីផ្សារបន្តទៀតទេ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *