ឃាតកមិនស្គាល់មុខកាប់ចិញ្ច្រាំ​បុរសចំណាស់ម្នាក់បោះ​ចូលក្នុងប្រឡាយទឹកសង្ស័យគំនុំ

ខេត្តកំពង់ធំៈ បុរស​វ័យចំណាស់ម្នាក់ ត្រូវឃាតកមិនស្គាល់មុខកាប់ប្រហារ​ជាច្រើនកាំបិត​យ៉ាងសាហាវព្រៃផ្សៃ បណ្តាលឲ្យ​ស្លាប់យ៉ាងអាណោចអធ័ម រួចបោះចូលក្នុងប្រឡាយទឹក ទើបគេចខ្លួនដោយសុវត្ថិភាព ហើយ​ករណីនេះត្រូវបានសមត្ថកិច្ចជំនាញបានដាក់​ការសង្ស័យថា កើតឡើងដោយសាគំនុំ ។

អំពើឃាតកម្មដ៏សាហាវព្រៃផ្សៃខាងលើនេះ បានកើតឡើងប្រហែលម៉ោង៧យប់ ថ្ងៃ ព្រហស្បតិ៍ ១១ កើត ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា​ឆ្នាំ២០១៨ ស្ថិតនៅចំណុចប្រឡាយទឹកវាលស្រែ ស្ថិតនៅភូមិសំពៅមាស ឃុំសាន់គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា សាកសពជនរងគ្រោះ ឈ្មោះ​ សាំង សេន​ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរកសិករ មាន​ទីលំនៅភូមិ/ឃុំកើតហេតុខាងលើ ត្រូវឃាតក​កាប់ចំក្បាល និង​ដងខ្លួន​ជាច្រើនកាំបិតស្លាប់ រួចបោះចូល ក្នុងប្រឡាយទឹកយ៉ាងអាណោច​អាធ័ម  ។ ចំណែកឃាតកមិនស្គាល់មុខបានគេចខ្លួនដោយសុវត្ថិភាព ។

ករណីនេះសមត្ថ​កិច្ចជំនាញសន្និដ្ឋានជាជំហានដំបូងថា ជារឿងគុំនុំ ប៉ុន្តែមិនបាន​បញ្ជាក់ពី​គំនុំនោះកើតឡើងដោយសារអ្វីនោះទេ ហើយបច្ចុប្បន្នសមត្ថ​កិច្ចកំពុងស្រាវជ្រាវ​ដើម្បីតាម​ចាប់ឃាតកយកមកផ្តន្ទាទោសទៅតាមច្បាប់ឲ្យខាងតែបាន ៕

Leave a Reply

Your email address will not be published. Required fields are marked *