មេព្រៃថៃចាប់ពលរដ្ឋខ្មែរ៧នាក់ លួច​ចូលទៅ​កាប់ឈើគ្រញូង

ថៃៈ កម្លាំង​មេព្រៃថៃបានឃាត់ខ្លួនពលរដ្ឋ​ខ្មែរចំនួន៧នាក់ ខ្លះទៅពីខេត្តបន្ទាយមានជ័យ និងខ្លះទៀតទៅពីខេត្តសៀមរាប បន្ទាប់ពីលួចចូលទៅកាប់ឈើគ្រញូងនៅក្នុងឧទ្យានជាតិ ដែលជាតំបន់អភិរក្សព្រៃឈើ និងជាតំបន់ហាមឃាត់របស់ប្រទេសថៃ ។

តាមសេចក្តីរាយការណ៍ ដែលគេទទួលបានពីប្រទេសថៃបានឲ្យដឹងថា  ខណៈដែលកម្លាំង​តម្រួត មេព្រៃ និងយោធាថៃ បានចេញប្រតិបត្តិការ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដល់ ត្រង់ចំណុចឧទ្យានជាតិ( ថាប់ឡានទី៣ )ត្រង់បរិវេណ ប៉ាខៅរ៉ុប ស្ថិតក្នុងឃុំគោកក្រៈឆាយ ស្រុកខនបុរី ខេត្តនគរាជសីមា ប្រទេសថៃ ស្រាប់តែប្រទះឃើញប្រជាពលរដ្ឋ​ខ្មែសុទ្ធតែបុរស​ចំនួន៧នាក់

បានលបចូលទៅកាប់ឈើគ្រញូង ដោយភាគីថៃបានដកហូតនូវវត្ថុតាងមួយចំនួន ដូចជាឈើគ្រញូង អារស្រេច ចំនួន៥០ដុំ គឺគេបានត្រៀមចងសម្រាប់ស្ពាយចេញពីព្រៃយកទៅឲ្យ​មេឈ្មួញ។

ពលរដ្ឋខ្មែរ​ទាំង៧នាក់នោះ គឺ១.ឈ្មោះ​ ធី ចន្ថា ភេទប្រុស អាយុ២៤ឆ្នាំ ២. ឈ្មោះ ថន ថេ ភេទប្រុស អាយុ២៨ឆ្នាំ ៣.ឈ្មោះ​ ដេត ថៃ ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង៣ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុនម៉ាឡៃ ខេត្តបន្ទាយមានជ័យ ៤. ឈ្មោះ សែ តេង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ៥. ឈ្មោះ​ រ៉េត ធី ភេទប្រុស អាយុ២០ឆ្នាំ ៦.ឈ្មោះ សុខ រៀង ភេទប្រុស អាយុ៣៥ឆ្នាំ និង៧ ឈ្មោះ ប៊ិន ឈួត ភេទប្រុស អាយុ៣៣ឆ្នាំ អ្នកទាំង៣ រស់នៅ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំង​ជំនាញ (មេព្រៃ )ថៃ រៀបចំឯកសារដើម្បីបញ្ជូនទៅចាត់ការ​តាមផ្លូវច្បាប់៕ សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *