ក្រសួងកសិកម្ម ស្នើសុំប្រមុខរាជរដ្ឋាភិបាលលើកលែងពន្ធ និងអាករលើការនាំចូលគ្រឿងយន្ដកសិកម្ម និងគ្រឿងបន្លាស់

ភ្នំពេញ៖ ថ្មីៗនេះលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជួយ លើកលែងពន្ធ និងអាករលើតម្លៃបន្ថែម (VAT) សម្រាប់គ្រឿងយន្ដ កសិកម្ម គ្រប់ប្រភេទ ឧបករណ៍កសិកម្ម គ្រឿងបន្លាស់គ្រឿងយន្ដកសិកម្មគ្រប់ប្រភេទ និងឧបករណ៍បរិក្ខារ ផ្ដល់ថាមពលកកើតឡើងវិញ សម្រាប់បម្រើដល់វិស័យកសិកម្ម ដោយការបង់ពន្ធ និងអាករទាំងនោះ ជាបន្ទុករបស់រដ្ឋ។

បើយោងតាមលិខិតសំណើសុំរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃ​ទី១៩​​ខែកញ្ញា ឆ្នាំ២០១៨ ជូនទៅសម្តេចតេជោ ដោយយោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិ បាលនិតិកាលទី៦នៃរដ្ឋសភាសម្រាប់ការពារនិងកសាងមាតុភូមឆ្នាំ២០១៨-២០២៣បានឲ្យ​ដឹងថា «បញ្ហាប្រឈមអំពីការចំណាយ​ថ្លៃ​​ដើម ផលិតកម្មកសិកម្មមានកម្រិតខ្ពស់ ដែលបាន​ធ្វើឲ្យ​ប្រជាកសិករ ទទួលបានប្រាក់​ចំណេញទាប។ ការណ៍នេះ គឺបណ្ដាលមកពីធាតុចូល​កសិកម្ម មានតម្លៃខ្ពស់ ដែលធាតុចូល​កសិកម្មទាំងនោះ ភាគច្រើនជាឧបករណ៍ បរិក្ខា គ្រឿងបន្លាស់គ្រឿងយន្ដ និងឧបករណ៍​កសិកម្ម នាំចូលពីបរទេស»។

លោក រដ្ឋមន្រ្តី បានបន្ថែមទៀតថា «ដើម្បីជួយដោះស្រាយបន្ទុកចំណាយប្រចាំថ្ងៃ របស់​កសិករ ខ្ញុំបាទសូម សម្ដេចតេជោ នាយករដ្ឋមន្ដ្រី មេត្ដាពិនិត្យ និងអនុញ្ញាតជាគោលការណ៍ ក្នុងការលើកលែងពន្ធ និងអាករលើតម្លៃបន្ថែម (VAT) សម្រាប់គ្រឿងយន្ដកសិកម្មគ្រប់ប្រភេទ ឧបករណ៍កសិកម្ម គ្រឿងបន្លាស់គ្រឿងយន្ដកសិកម្ម ឧបករណ៍បរិក្ខារផ្ដល់ថាមពល​កកើត​ឡើងវិញ ដោយការបង់ពន្ធ និងអាករទាំងនោះ ជាបន្ទុករបស់រដ្ឋ ស្របតាមកម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ក៏ដូចជា សំណូមពរដែលបានលើកឡើង ក្នុងវេទិកាសាធារណៈ ជាមួយវិស័យឯកជននានាពេលកន្លងមក»នោះផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *