ឃុំខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធនាំនារីខ្មែរទៅលក់ឲ្យបុរសជនជាតិចិនធ្វើប្រពន្ធ

ខេត្តកំពង់ចាម ៖ ស្ត្រីជួញដូរមនុស្សម្នាក់ ត្រូវបាននគរបាលខេត្តកំពង់ចាមឃាត់ខ្លួនតាមដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ៥១៣ទ.ព្រ ចុះ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ចេញ​ដោយ​លោក សួន សំណាង ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកំពង់ចាម ពីបទ​នាំយក​ចេញមនុស្ស​ដោយ​មិន​ស្របច្បាប់​ដោយមាន​គោលដៅ ប្រព្រឹត្ត​នៅ​ភូមិ​ប្រ​ម៉ាត់​ដី ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម កាលពី​អំឡុង​ខែកុម្ភៈ និង ខែមីនា ឆ្នាំ២០១៨ កន្លងទៅ ។

លោក សួន សំណាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ចាម បានសម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ ផន សុខ​ណេង ភេទ​ស្រី ពាក់ព័ន្ធ​ករណី​នាំ​នារី​ខ្មែរ​ទៅ​លក់​ឲ្យ​បុរស​ជនជាតិ​ចិន​នៅ​ប្រទេស​ចិន​ធ្វើជា​ប្រពន្ធ បន្ទាប់ពី​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជនខេត្ត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​បង្ក្រាប និង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ហើយ​បញ្ជូន​មកកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

មន្រ្តីនគរបាលស្រុកចំការលើបានឲ្យដឹងថា ជនជាប់ចោទ​ឲ្យ​ឈ្មោះ ផន សុខ​ណេង ភេទ​ស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅ​ភូមិ​ប្រ​ម៉ាត់​ដី ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ។

បន្ទាប់ពីទទួលពាក្យបណ្តឹងពីក្រុមគ្រួសារស្រ្តីរងគ្រោះ កាលពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកម្លាំង​អធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួនលេខៈ ១៦៤០ ព.ស និង លេខៈ ១៦៤២ ព.ស ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ របស់អយ្យការ អមសាលា​ដំបូង​ខេត្តកំពង់ចាម ដែលបញ្ជាឲ្យឈ្មោះ ផន សុខណេង  មកកាន់ស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់ចាម ដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធករណីនាំនារីខ្មែរទៅលក់ឲ្យបុរស ជនជាតិចិននៅ​ប្រទេសចិនធ្វើជាប្រពន្ធ។ ក្រោយពីសាកសួររួច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផន សុខណេង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធីតែម្តង ។

មកដល់ពេលនេះជនជាប់ចោទរូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្ត​កំពង់ចាមតាមបញ្ញត្តិច្បាប់ មាត្រា១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *