បញ្ជូនជនសង្ស័យ២នាក់បងប្អូនទៅតុលាការជាប់ចោទជួញដូរមនុស្សទៅយកប្តីចិន

ខេត្តក្រចេះៈ ជនសង្ស័យប្រុស ស្រីវ័យចំណាស់២នាក់បងប្អូន ​ដែលនគរបាលកំណត់ថាជា​មុខសញ្ញា រកស៊ីជួញដូរមនុស្សទៅលក់នៅក្រៅប្រទេស ត្រូវបានចាប់ខ្លួននិងបញ្ជូនបន្តទៅ​ឃុំខ្លួននៅ​ពន្ធនាគារ កាលពីរសៀល ថ្ងៃ សុក្រ ១២ កើត ខែ ភទ្របទ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.​២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ២០១៨ បន្ទាប់បានពីបើកការស៊ើបអង្កេតបឋម​មួយពី​កម្លាំងនគរ​បាលប្រឆាំង​ការជួញដូរមនុស្សនិងការពារអនិតិជនខេត្តក្រចេះ ហើយរកឃើញថា ពួកគេទាំង២នាក់ ធ្លាប់បានធ្វើសកម្មភាពលក់ក្មួយស្រីបង្កើត ឲ្យទៅបុរសជនជាតិចិន​នៅ​ប្រទេស​ចិនកាលពី២ឆ្នាំមុន។

មន្រ្តីនគរបាលជំនាញបានឲ្យដឹងថា ក្រោយពីបើកការស៊ើបអង្កេតនិង នាំខ្លួនមកសាកសួរ​ជនសង្ស័យប្រុសស្រីទាំង២នាក់បងប្អូនបង្កើត ត្រូវបានរកឃើញថា បានប្រព្រឹត្តបទល្មើសខុស​ច្បាប់ជួញដូរមនុស្សឆ្លងដែន និងបទក្លែងឯកសារ ហើយក៏ត្រូវបានតុលាការឃុំខ្លួន​ពួកគេ​ទាំង២នាក់នៅពន្ឋនាគារខេត្តនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ។

ជនសង្ស័យប្រុស ស្រីជាបងប្អូនបង្កើតទាំង២នាក់នេះមាន ១.ឈ្មោះពៅ សារ៉ាត់ អាយុ ៤៦ឆ្នាំ និងទី២.ឈ្មោះ ពៅ ចិន្តា អាយុ៥៥ឆ្នាំ មានទីលំនៅឃុំកំពង់ដំរី ស្រុកឆ្លូង។ ពួកគេទាំង២នាក់ ត្រូវជាបងប្អូនបង្កើតរបស់ម្តាយនារីរងគ្រោះ។

ក្នុងករណីនេះដែរស្ត្រីរងគ្រោះ អាយុ២១ឆ្នាំ ត្រូវជាក្មួយស្រីបង្កើតរបស់ជនសង្ស័យទាំង២នាក់ មានទីលំនៅឃុំកំពង់ដំរី ស្រុកឆ្លូង បានរងគ្រោះដោយត្រូវពួកគេល្បួងយកទៅលក់ឲ្យបុរស​ជនជាតិ ចិននៅប្រទេសចិន តាមរយ:ខ្សែបណ្តាញរបស់ពួកគេតាំងពីឆ្នាំ២០១៦មក ។នារីរងគ្រោះ បានរងគ្រោះដោយពួកគេជួញដូរ ទៅលក់ឲ្យបុរសជនជាតិចិនចំនួន២ដងហើយ រហូតមកទល់និងពេលនេះនារីរងគ្រោះមានកូន ក្នុងពោះ៨ខែ និងត្រូវបានបញ្ជូនមកស្រុកកំណើតវិញកាលពីពាក់កណ្តាល ឆ្នាំ២០១៨។

នគរបាលជំនាញបានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៦ ពួកគេបានល្បួងនារីរងគ្រោះយក​ទៅ​លក់​ឲ្យ បុរសជនជាតិចិននៅប្រទេសចិនតាមរយ:ខ្សែបណ្តាញរបស់ពួកគេ ហើយពួកគេបាន ថែមទាំងបានក្លែងឯកសារមួយចំនួន​ សម្រាប់សម្រួលដល់ការឆ្លងដែនរបស់នារីរង គ្រោះ​ទៅ​ប្រទេសចិនទៀតផង។ លុះពេលទៅដល់ប្រទេសចិន នារីត្រូវបានគេបង្ខំឲ្យ​យកប្តីជនជាតិចិន​និង ត្រូវរងការវាយធ្វើបាបពីប្តីជនជាតិចិន ហើយនារីរងគ្រោះបានរត់គេចតែត្រូវពួកគេ​ចាប់បាន​លក់ បន្តទៅឲ្យជនជាតិចិននៅប្រទេសចិនម្នាក់ផ្សេងទៀត។ ដោយសារការអត់ទ្រាំ​នឹងការ​វាយ ធ្វើបាបពីប្តីជាជនជាតិចិនលើកក្រោយនេះមិនបាន នារីរងគ្រោះក៏បានរត់ទៅរក​អាជ្ញាធរនៅស្ថានទូតខ្មែរនៅចិនឲ្យជួយហើយក៏ត្រូវបានអាជ្ញាធរចាត់បញ្ជូនមកស្រុកកំណើតវិញវិញ។

ជនរងគ្រោះប្រាប់ថា ក្នុងអំឡុងពេលជាង២ឆ្នាំ​នាងត្រូវបានជនសង្ស័យជួញដូរឲ្យទៅ​យកប្តី​ចិននៅក្រៅប្រទេស ហើយនាងមិនបានប្រាក់កម្រៃអ្វីនោះទេ ក្រៅពីមានកូនក្នុងពោះ ជិត​គ្រប់ខែ ដោយគ្មានអ្នកទទួលខុសត្រូវហើយលុយទាំងអស់ត្រូវបានជន​សង្ស័យទាំង២​នាក់​បងប្អូនកេញប្រវ័ញ្ចយកអស់ហើយ ៕សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *