មេនគរបាលប៉ុស្តិ៍នគបាលបឹងកក់២ អសមត្ថភាពបង្រ្កាបបទល្មើស ?

ភ្នំពេញ ៖ ចោរឆក់-ប្លន់ កើតឡើងក្នុងទឹកដីរដ្ឋបាលសង្កាត់បឹងកក់២ ខណ្ឌទួលគោក នាំឱ្យពលរដ្ឋកើតការភ័យខ្លាច ព្រោះគ្មានវត្តមានអាជ្ញាធរ ជាពិសេសកំលាំងប៉ុស្តិ៍នគបាលបឹងកក់២ ជួយធ្វើអន្តរាគមន៍  បង្ក្រាបបទល្មើសឡើយ ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និយាយចំអកលោកមេប៉ុស្តិ៍ថា មិនចាប់អារម្មណ៍ឬ អនុវត្តន៍ទាល់តែសោះលើគោលការ៩ចំណុច ស្តីពីភូមិ-សង្កាត់មានសុវត្ថិភាព ពោលគឺលឺតែឡើងសម្លេងតាមវិទ្យុទាក់ទង ប៉ុន្តែគ្មានទេ កិច្ចអន្តរាគមន៍ដល់កន្លែងកើតហេតុ នៅពេលមានបទល្មើសកើតឡើង ។ ហើយប្រសិនបើបានជាទៅដល់កន្លែងកើតហេតុ គឺចាប់បានដែរ ប៉ុន្តែចាប់បានតែជនរងគ្រោះប៉ុណ្ណោះ ចំណែកជនល្មើសធ្វើសកម្មភាពបង្កបទល្មើសបានសម្រេចនិងដោយសុវត្ថិភាពគ្រប់លើក ។

នៅក្នុងហាងកាហ្វេមួយ តាមបណ្តោយផ្លូវលេខ៥៩២ ចម្ងាយតែប៉ុន្មានម៉ែត្រ ពីប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់បឹងកក់២ ពលរដ្ឋដែលទៅអង្គុយតុកាហ្វេនៅទីនោះ បាននិយាយថា ប៉ុស្តិ៍នគរបាលបឹងកក់ទី២ ដែលមាន លោកអនុសេនីយ៍ឯក ខាត់ ខុនទិត្យ ជាមេប៉ុស្តិ៍ គឺបទល្មើសចោរឆក់-ប្លន់កើនឡើងស្ទើរាល់ថ្ងៃ ជាពិសេសនៅពេលយប់ ។

រាល់លើកមានបទល្មើសកើត គេមិនឃើញមានលោកមេប៉ុស្តិ៍ បញ្ជាកម្លាំងឱ្យតាម​ចាប់ចោរបានម្តងណានោះទេ បានតែស៊ីប្រាក់ខែរាស្ត្រ និងដើរយាមហាងមាស ហាងដូរលុយ និងយកលុយដាក់ខែ ជាមួយបទល្មើសផ្សេងក្នុងទឹកដីដែលខ្លួនគ្រប់គ្រង បើ ម្តុំវត្តនាគវ័ន្ត និងរោងចក្រឆ្នាំង វិញ មិនបាច់ថ្លែង ចោរក៏ចោរ គ្រឿងញៀនក៏ពេញបន្ទុក ។

ចំណែកពលរដ្ឋជួបទុក្ខលំបាក រឿងចោរ មិនដែលអើពើសោះ បើតែយ៉ាងនេះតើថ្នាក់លើគួរទុកមេប៉ុស្តិ៍ធុននេះទៀត ដើម្បីបន្តឱ្យប្រជាជនបាត់ជំនឿ ឬរកអ្នកមានសមត្ថភាព មានឆន្ទៈពិតប្រាកដក្នុងការបំរើប្រជាជនមកជំនួសវិញ ។

ពួកគាត់បន្ថែមថា ក្រុមចោរដែលធ្វើបទល្មើសឆក់-ប្លន់ គឺច្រើនធ្វើសកម្មភាពនៅម្តុំវិទ្យាល័យឥន្ទ្រទេវី ហើយមុខសញ្ញាមួយចំនួនក៏ត្រូវ​លោកមេប៉ុស្តិ៍ ស្គាល់អត្តសញ្ញាណដែរ និងមួយចំនួនទៀតជាមុខសញ្ញាដែលទើបចេញពីពន្ធនាគារ ។

គួររំលឹកថា ពាក់ពន្ធ័ការបង្ការ ទប់ស្កាត់បទល្មើនេះដែរ នាយឧត្តមសេនីយស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានប្តេជ្ញារពេលដែលលោកត្រូវបានតែងតាំងនិងប្រកាសចូលកាន់ដំណែងកាលពពេលថ្មីៗនេះថា លោកនឹងប្តេជ្ញាអុវត្តន៍នូវវិធានការ៩ចំណុច ស្តីពីការទប់ស្កាត់ រាល់សកម្មភាពបទល្មើសគ្រប់ប្រភេទដូចជា ចោរកម្ម អំពើឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងអំពើរជួញដូរមនុស្សជាដើម ឱ្យមានប្រសិទ្ធិភាពខ្ពស់ ជាពិសេសនោះ លោកនាយឧត្តមសេនីយស្នងការ បានសង្កត់ធ្ងន់លើការបំរើសេវាសាធារណៈឱ្យបានល្អដល់ប្រជាជន ។

ប៉ុន្តែបើក្រឡេកមកមើលការងាររបស់លោក ខាត់ ខុនទិត្យ មេប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់២វិញ ពិតជាប្រាសចាកឆ្ងាយនូវអ្វី ដែលជាភារកិច្ចរបស់លោកត្រូវបំពេញតួនាទី ផ្ទុយពីបទបញ្ជារបស់ថ្នាក់ដឹកនាំ ផងដែរ។ទាំងនេះហើយ នាំឱ្យប្រជាជនក្នុងមូលដ្ឋាន ពួកគាត់បាត់ជំនឿលើសមត្ថកិច្ចនគបាលមូលដ្ឋាន។

សូម​បញ្ជាក់​ថា​ ពាក់​ព័ន្ធ​នឹង​ករណី​ខាង​លើ​នេះ​អ្នក​សារព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ មេ​ប៉ុស្តិ៍​បឹង​កក់​ទី​២បាន​ឡើយ​៕ បញ្ញា

 

Leave a Reply

Your email address will not be published. Required fields are marked *