ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់មានសិស្សានុសិស្ស និងប្រជាពលរដ្ឋជិត៣០០នាក់ក្នុងចំណោម៨០០នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីបានចូលរួមប្រជុំជាមួយក្រុមការងារបក្សនៅឃុំផ្ទះរុង ស្រុកភ្នំក្រវាញ សង្ស័យពុលបាយកញ្ចប់ដែលបានចែកជូនឲ្យហូបក្នុងពិធីនេះ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិខាងលើបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅឃុំផ្ទះរុង មានធ្វើសន្និបាតបក្សមួយ ហើយបានអញ្ជើញប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងឃុំផ្ទះរុង និងឃុំសំរោង ស្រុកភ្នំក្រវាញ ប្រមាណជិត៨០០នាក់ចូលរួម ។ ក្នុងឱកាសនោះក្រុមការងារបានទិញបាយសាច់ជ្រូកចំនួន៨០០កញ្ចប់មកចែកជូនសិស្សានុសិស្ស និងប្រជាពលរដ្ឋហូប ។ ពេលហូបរួចត្រឡប់ទៅផ្ទះវិញ ស្រាប់តែមាន អ្នកខ្លះវិលមុខ អ្នកខ្លះទៀតរាគ ក្អួត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុ ។ លុះពេលស្រាវជ្រាវទៅទើបដឹងថា ជនរងគ្រោះទាំងអស់សុទ្ធតែបានទៅចូលរួមសន្និបាតបក្សនៅឃុំផ្ទះរុងទាំងអស់គ្នា ដែលសង្ស័យថា អាចពុលបាយសាច់ជ្រូកដែលបានចែកឲ្យហូបនោះ តែម្តង ។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា សរុបអ្នកពុលមានចំនួន២៦៧នាក់ ក្នុងនោះមានស្រី១៣៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ៨៧នាក់(ស្រី៤៤នាក់) បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តចំនួន១៨០នាក់(ស្រី៨៩នាក់) ៕ សម្បត្តិ