




ភ្នំពេញ ៖ រថយន្តដឹកភេសជ្ជៈរបស់ក្រុមហ៊ុនកូកាកូឡាមួយគ្រឿងបើកបរក្នុងល្បឿនលឿន គេចពីរថយន្តមួយគ្រឿងផ្សេងទៀតដែលវ៉ាមកបញ្ច្រាស់ទិសគ្នា ប៊ួងចង្កូតធ្លាក់ផ្លូវក្រឡាប់ភីងផ្ងារជើងទ្រមេឃតែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨យប់
ថ្ងៃទី១៥ខែមករា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៣មុខឃ្លាំងថៃប៊ុន រ៉ុង ក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើដឹកភេសជ្ជៈចំរុះពេញ របស់ក្រុមហ៊ុនកូកាកូឡា ពាក់ស្លាកលេខភ្នំពេញ3B-0010នៅក្នុងរថយន្តមានមនុស្សចំនួន៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក បានវ៉ាជែង រថយន្តមួយគ្រឿងផ្សេងទៀតក្នុងទិសដៅបញ្ច្រាស់ទិសគ្នាមកចំពីមុខរថយន្ត កូកាកូឡាធ្វើរថយន្តមិនដឹងគេចទៅណា ទើបសម្រេច ប៊ួងចង្កូតមកស្តាំដៃធ្លាក់ផ្លូវ តែដោយខ្លាចបុកជាមួយរថយន្តកុងតឺន័រដែលចតចោលនៅចញ្ចើមថ្នល់ខាងមុខមួយគ្រឿងទៀត ក៏ប៊ួងចង្កូតត្រឡប់មកវិញ ដោយសារតែរថយន្តផ្ទុកទម្ងន់ធ្ងន់ពេកធ្វើអោយរថយន្តឃ្លោង ទើបបណ្តាលអោយរថយន្តទាញក្រឡាប់ចាក់ភេសជ្ជៈពេញថ្នល់។ ហើយត្រូវប្រជាពលរដ្ឋដែលទៅមើលហេតុការណ៍ នាំគ្នាជួយរើសម្នាក់មួយកេស ម្នាក់ពីរកេសយកទៅផ្ទះរៀងខ្លួនអស់មួយចំនួនមុននិងសមត្ថកិច្ចបានទៅដល់។បន្ទាប់មកអ្នកបើកបរព្រមទាំងព្រូរថយន្តបាននាំគ្នារត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយមកទើបគេឃើញសមត្ថកិច្ចមូលដ្ឋានទៅដល់កន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងរថយន្តស្ទួច ទៅស្ទួចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលកន្ទោករងចាំម្ចាស់មកយកទៅវិញ៕សារ៉េត