ចាប់ព្រមានអ្នកប្រមូលសំរាមផ្សារប៉ាក់ខ្លងម្នាក់ ចាក់សំរាមចូលព្រែកប៉ះពាល់បរិស្ថាន

ខេត្តកោះកុង៖ បុរសម្នាក់ដែលត្រូវបានភ្ញៀវធ្វើដំណើរឆ្លងកាត់ឃើញផ្ទាល់នឹងភ្នែកហើយថត​ជាវីដេអូខ្លីយកទៅបង្ហោះតាម Facebook រឿងបោះសំរាមចោល ពីលើស្ពានដែក ចូលក្នុងព្រែក​កោះយ៉ ខេត្តកោះកុង នា ថ្ងៃ សុក្រ ៣ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅធ្វើឲ្យមានការរិះគន់ពី​មហាជននោះ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងមន្រី្តបរិស្ថានខេត្តឃាត់ខ្លួនយកទៅអប់រំ​បានហើយ ។

មន្រ្តីសាលាស្រុកមណ្ឌលសីមាបានឲ្យដឹងថា បុរសនេះត្រូវបានស្គាល់ឈ្មោះ សាយ សារុត ជាអ្នកប្រមូលសំរាម នៅផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នៅចំពោះមុខសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បុរសរូបនេះបានសារភាព នៅថ្ងៃកើតហេតុ ដោយសារតែម៉ូតូដឹកសំរាមរបស់ខ្លួនខូច និងមិនអាចអូសសំរាមទៅមុខរួច ហេតុដូច្នេះក៏សម្រេច​ចិត្តបោះសំរាមចោលខ្លះក្នុងព្រែកកោះយ៉នេះទៅ។

សាយ សារុត បានទទួលស្គាល់ទៀតថាខ្លួនបានប្រព្រឹត្តទង្វើពុំគប្បីបែបនេះពិតជានាំឲ្យប៉ះ​ពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរណាស់និងបានសន្យាថាមិនធ្វើដូច្នេះទៀតឡើយ ។

ក្រោយពីបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីម៉ា នៅព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៨  នៅចំពោះមុខមន្ត្រីមន្ទីរបរិស្ថាន ខេត្តកោះកុង និងអាជ្ញាធរស្រុករួច បុរសនេះត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *