បបួលកូនស្រីគេទៅដេកមិនបាន បើករថយន្តបំបុកឪពុកម្តាយ ខ្ទេចឡាន

ភ្នំពេញៈ បុរស២នាក់ បបួលកូនស្រីគេយក​ទៅដេកជាមួយ តែគេមិនព្រម ស្រាប់តែខឹងបើករថយន្ដដេញបុកឪពុកម្ដាយរបស់ក្មេងស្រីរងគ្រោះ តែសំណាងល្អបុកមិនត្រូវ ក៏ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យ​រថយន្ដខ្ទេចបើកទៅមុខលែងរួច កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃសុក្រ​ ទី១៩​ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចជិត​សំណង់​អនា​ធិបតេយ្យ​ ស្ថិតក្នុងភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

ជនសង្ស័យ ឈ្មោះ ហុយ​ សុងភី​ អាយុ២៩ឆ្នាំ មុខរបរ​បើករថយន្ត​ រស់នៅ ស្រុកស្អាង ខេត្តកណ្តាល​ និងអ្នករួមដំណើរម្នាក់ទៀត មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ប្រភពព័ត៌មានពីឪពុកម្តាយ ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុមិនដឹងបុរស​២នាក់នោះទៅផឹកស្រានៅឯណាទេ លុះផឹកស្រវឹងក៏បានមកនិយាយជាមួយកូនស្រីរបស់គាត់ អាយុទើប១៦ឆ្នាំ រួចក៏លួងលោមចុះឡើងៗ បបួលទៅរួមដំណេកជាមួយ ហើយប្រាប់ថា ចាំមកវិញអោយលុយ​ចាយ។ពេល ឮដូច្នេះពួកគាត់ជាឪពុកម្ដាយ​បានដើរចេញមកហៅកូនស្រីឲ្យចូលផ្ទះ រួចហាមឃាត់កូនមិនឲ្យទៅណា​ផ្ដេសផ្ដាស​ជាមួយអ្នកមិនស្គាល់ទេ​ ស្រាប់តែបុរស២នាក់នោះ បានមកឈ្លោះប្រកែកគ្នាជាមួយគាត់ ដែលជាឪពុកម្ដាយ ធ្វើឲ្យបុរសទាំង២នាក់នោះ ផ្ទុះកំហឹង ព្រោះមិនឲ្យកូនទៅជាមួយ ទើបដើរទៅបើករថយន្ត ម៉ាកកាមេរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្តាល 2B-6323 ក្នុងល្បឿនលឿន​មកបំបុកពួកគាត់តែសំណាងល្អពួកគាត់ឃើញទាន់ក៏ស្ទុះទៅក្រោយបង្គោលភ្លើង ហើយបុរស​ដែលជាអ្នកបើក​ស្រែកមកថា​ បុកឲ្យ​ងាប់ម៉ងទៅ តែកាច់ចង្កូតមកបុក​បញ្ជិតបង្គោលភ្លើង បណ្តាលឲ្យទ្រេតកោងជិតដល់ដី និងខ្ទេចរថយន្តខាងមុខខ្លាំងយ៉ាងដំណំ​ តែនៅបើកបានទៅចេញទៀត រួចបន្ថែមល្បឿនគេចបាត់​ស្រមោល និងបណ្ដាលឲ្យស្ត្រីជាម្ដាយគេចដួលខ្លួនឯង ​រលោតជើង​ឆ្វេង​ផងដែរ ផ្អើលប្រជាពលរដ្ឋនៅជិតនោះចេញមកមើល។

មួយសន្ទុះក្រោយមកស្រាប់តែ​ ឃើញបុរសទាំង២នាក់នោះ បើករថយន្តដដែលនោះត្រឡប់​មកវិញ​ ក្នុងល្បឿនយ៉ាងលឿន​ តម្រង់មក​កន្លែងមនុស្ស​កំពុងឈរមើល ទើបគាត់​ស្រែកឲ្យរត់ចូលក្នុងផុតធ្វើឲ្យរថយន្តក៏បានមកបុកចំបង្គោលភ្លើងដដែលនោះ​ បាក់​រលំដល់ដី​តែម្ដង​ បណ្ដាលឲ្យបង្គោលភ្លើង​ដទៃទៀត​ឆ្លងភ្លើង ឃើញបង្គោលខ្លះដាច់​ និងបង្គោលខ្លះទៀត​ភ្លឹបភ្លែត​ៗ​ ភ្លាមៗនោះដែលគ្រាន់តែឃើញ​ជនទាំង២នាក់នោះ​ បើក​តម្រង់មកបុក​ដូច្នេះ​ ប្រជាពលរដ្ឋ​ដែលរត់ចែកជើងគ្នារួច នាំគ្នារត់មកជួយ​ចាប់​បុរសទាំង២នាក់នោះ បានបញ្ចេញកំហឹងវាយម្នាក់​មួយដៃម្នាក់មួយជើង​ និងវាយបែកកញ្ចក់រថយន្តខ្ទេច​ផងដែរ​ បណ្ដាលឲ្យបុរសដែលជិះរថយន្តជាមួយ​របួសធ្ងន់​សន្លប់ស្ដូក​ ត្រូវបានរថយន្ត​សង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យ រីឯបុរសដែលជាអ្នកបើករថយន្ត​រងរបួសបែកមុខបែកមាត់​ និងប៉ោងភ្នែក ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *