គំនុំរឿងមិនបើកទ្វារផ្ទះ ប្អូនថ្លៃកាប់បងស្លាប់ក្នុងថ្លុកឈាម

ខេត្តក្រចេះ៖ អំពើឃាតកម្មដ៏សាហាវមួយបានកើតឡើង ដោយប្អូនថ្លៃយកកាំបិតផ្គាក់ លួចទៅ​កាប់បងថ្លៃមួយកាំបិតពីក្រោយចំកញ្ចឹង «ក» បណ្តាលឲ្យដាច់ខ្យល់​ស្លាប់ភ្លាមៗនៅនឹង​កន្លែង​កើតហេតុ គ្រាដែលបងថ្លៃកំពុងអង្គុយកិនម្សៅនៅក្រោយផ្ទះតែម្នាក់ឯង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃ សៅរ៍ ១២ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅចំណុចភូមិស្នួលកើត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

មន្រ្តីកងរាជអាវុធហត្ថស្រុកស្នួល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផន យ៉ត ភេទប្រុស អាយុ៣១ឆ្នាំ រងរបួសដាច់កញ្ចឹង «ក» ខាងស្ដាំ ហើយបានប៉ុន្មាននាទីក្រោយមកបានស្លាប់នៅ​កន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ ចំណែកជនសង្ស័យឈ្មោះ ឃាន ណាម ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅផ្ទះជាមួយជនរងគ្រោះ នៅភូមិឃុំកើតហេតុខាងលើ។ ក្រោយកើតហេតុ បោះកាំបិតផ្គាក់ចោល រត់គេចខ្លួនបាត់ ។ជនសង្ស័យជាប្អូនថ្លៃបានយក​កាំបិតផ្គាក់កាប់​ទៅលើ​ជនរងគ្រោះ ត្រូវជាបងថ្លៃខណៈ ដែលជនរងគ្រោះ កំពុងអង្គុយកិនម្សៅនៅលើគ្រែក្រោយ​ផ្ទះបាយ ចំនួន១កាំបិតចំកញ្ចឹង «ក» ខាងស្ដាំ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។

ប្រភពដដែលបានឲ្យដឹងទៀតថា រឿងនេះកើតឡើង ដោយសារកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨ ជនរងគ្រោះបានឈ្លោះគ្នាជាមួយប្អូនថ្លៃយ៉ាងខ្លាំង ដោយសារគាត់​មកពីផឹក​ស៊ីពេលយប់គោះទ្វារផ្ទះឲ្យប្អូនថ្លៃបើកទ្វារ តែជនសង្ស័យមិនបើកទ្វារឲ្យចូល។ ទង្វើនេះធ្វើឲ្យ​ជនរងគ្រោះខឹងយ៉ាងខ្លាំងក៏បានទាញកាំបិតបបួលប្អូនថ្លៃកាប់គ្នា តែមិនទាន់បង្កើត​ហិង្សា​ធំដុំនោះទេដោយសារក្រុមគ្រួសារសម្របសម្រួលទាន់ ។ ប៉ុន្តែទង្វើរបស់បងថ្លៃបែបនេះ ធ្វើឲ្យក្តៅងំក្នុងទ្រូងប្អូនថ្លៃខ្លាំងណាស ហើយរហូតដល់ថ្ងៃទី២០ តុលានេះ ប្អូនថ្លៃបានឃើញបងថ្លៃកំពុងអង្គុយកិនម្សៅនៅក្រោយផ្ទះតែឯងក៨យកកាំបិតផ្គាក់លបចូលទៅកាប់បងថ្លៃ ពីក្រោយចំកញ្ចឹង «ក» បណ្ដាលឲ្យស្លាប់តែម្ដង។

ក្រោយពីទទួលបានពត៌មាន កម្លាំងសមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុដើម្បី កំណត់​មុខ​សញ្ញា និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ យកមកផ្ដន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *