



ខេត្តកណ្ដាល៖បុរសម្នាក់ជិះម៉ូតូលឿនដូចហោះមិនប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មនូវនឹងកន្លែង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥:០០នាទីព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១Km35ចន្លោះKm36ក្នុងភូមិជ័យឧត្តមឃុំសំរោងធំ
ស្រុកគៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ប្រាក់ ពិសិទ្ធ អាយុ២២ឆ្នាំ មានស្រុកកំណើតនៅភូមិឡឥដ្ឋ ឃុំព្រែកស្ដេច ស្រុកបាត់ដំបងខេត្តបាត់ដំបង។ដោយជិះម៉ូតូម៉ាកហុងដា ១២៥ ព៌ណខ្មៅពាក់ផ្លាកលេខភ្នំពេញ1GD-1714។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវកើតហេតុខាងលើក្នុងទិសដៅពីលិចទៅកើត(ភ្នំពេញទៅអ្នកលឿង)យ៉ាងលឿនដូចហោះមិនប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ចំណែកឯអ្នកបើកបររថយន្តឃើញសភាពបែបដូច្នោះបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងតែម្ដងទៅ។
ក្រោយពីកើតហេតុគេឃើញនគរបាលមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍និងទំនាក់ទំនងរកសាច់ញាតិជនរងគ្រោះមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។ដោយឡែកម៉ូតូជនរងគ្រោះត្រូវបាននគរបាលមូលដ្ឋានប្រគល់ទៅអោយនគរបាលស្រុកដើម្បីរក្សាទុករងចាំសាច់ញាតិរបស់ជនរងគ្រោះយកឯកសារមកយកទៅវិញ៕សារ៉េត