ក្រុមហ៊ុន លោក រឿង ថាវ​រឹទ្ធ រារាំងអ្នកកាសែតបិទបាំងការធ្វើអាជីវកម្មមិនប្រក្រតី

ខេត្តកំពង់ឆ្នាំង ៖ នៅ​ព្រឹកថ្ងៃ ចន្ទ ៥ កើត ខែ កក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រុម​អ្នក​សារព័ត៌មាន​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ​ជាង ២០​នាក់ មកពីច្រើនអង្គភាពបាន​នាំ​គ្នា​ទៅ​កាន់​ទំនប់​កុមារ ស្ថិត​នៅ​ភូមិ​អ្នកតា​ហាង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ដើម្បី​យកព័ត៌មាននិងចង់​ដឹង​ថា តើ​ការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន លោក រឿង ថាវ​រឹទ្ធ មាន​ទីលំ​នៅ​ខេត្ត​ព្រះ​សីហ​នុ បាន​អនុវត្ត​ទៅ​តាម​ច្បាប់​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​ដែរ​ឬអត់ បន្ទាប់ពីមន្រ្តី​ជំនាញក៏ដូចជា ប្រជាពលរដ្ឋរាយការណ៍ឲ្យដឹងថា កន្លង​ទៅ​ក្រុមហ៊ុន​នេះ​មិន​បាន​គោរព​កិច្ចសន្យាទេ គឺសុំទៅក្រសួងធនធានទឹក​អភិវឌ្ឍន៍​បណ្តាញ​ជួសជុល​ទ្វារ​ទឹក និង​ទំនប់​កុមារ បែរជា​យក​គ្រឿងចក្រ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​ខុស​នឹង​ច្បាប់​ស្នើសុំ​ទៅ​វិញ  ។

យ៉ាងណា ក្រុម​អ្នក​សារព័ត៌មាន​ទាំង​អស់នោះ​មិន​អាច​ចូល​ទៅ​ថត​ផ្តិត​យក​រូបភាព​ពី​ការ​បូម​ខ្សាច់​ខាងលើ​បាន​ទេ ដោយ​ក្រុមហ៊ុន​បាន​ដាក់​បា​រ៉ា​ស់ រារាំង​ក្រុម​អ្នក​សារព័ត៌មាន​មិន​ឲ្យ​ចូល​ទៅ​ថតរូប​ភាព​ឡើយ​។ការ​រារាំង​បែបនេះអាច​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ​ពិតជា​មាន​ភាព​ទុច្ចរិត ក្នុង​ការ​អនុវត្ត​នូវ​អ្វីមួយហើយ បើសិន​មានការ​អភិវឌ្ឍត្រឹមត្រូវមែនហេតុអីមិនឲ្យ​អ្នកកាសែតក៏ដូចប្រជាពលរដ្ឋ​បានដឹង? ក្រុមហ៊ុន​មិន​ត្រូវ​លាក់បាំង​បែប​នេះ​ឡើយ។ ​ តាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀត​ថា នៅ​តំបន់​នោះ​សម្បូរ​ដោយ​ផ្នូរ​បូរាណ ដែល​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ប៉ះពាល់​ទៀត​ផង​។ ពួក​គាត់​បាន​ស្នើ​សុំ​ដល់​អាជ្ញាធរ​ស្រុក​អាជ្ញាធរ​ខេត្ត ជួយធ្វើ​អន្តរាគមន៍​ឲ្យ​បើក​ទូលាយ​ដើម្បី​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ថត​យក​រូបភាព​បង្ហាញ​ការ​ពិត​ដល់​ប្រជាពលរដ្ឋ​បាន​ដឹងផង​។ផ្ទុយទៅវិញការ​អភិវឌ្ឍ​ទំនប់​កុមារ​ខាងលើ​នេះ មិន​ត្រូវ​ទៅ​តាម​គោលការណ៍ នៃ​ច្បាប់​ស្នើ​សុំ​នោះ​ឡើយ   បែរជា​ដាក់​គ្រឿងចក្រ​បូម​ខ្សាច់​ធ្វើ​អាជីវកម្ម​ទៅ​វិញ​ ។

ទាក់ទិននឹងរឿងនេះភ្នាក់ងារកាសែតនគរវត្ត​មិន​អាច​សុំ​ការ​បំភ្លឺ ពី​ក្រុមហ៊ុន លោក​រឿង ថាវ​រឹទ្ធ បាន​ទេ ដោយសារមិនស្គាល់លេខទូរស័ព្ទលោកប្រធានក្រុមហ៊ុន ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *