ចោរឆក់ទូរស័ព្ទដៃ២នាក់ រត់ចោលម៉ូតូ SL ១គ្រឿងពេលនគរបាលដេញចាប់ប្រផាប់ប្រភីង

ខេត្តកំពង់ស្ពឺ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានដេញចាប់ចោរឆក់ទូរស័ព្ទ២នាក់ ធ្វើឲ្យពួកគេភ័យរត់គេចខ្លួនដោយសុវត្ថិភាព ដោយបានទុកចោលម៉ូតូ១គ្រឿងខណៈធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ ក្នុងហាងទូរស័ព្ទមួយកន្លែង។ កាលពីម៉ោង២ រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថាពិតជា មានករណីចោរកម្ម ឆក់យកទូរស័ព្ទដៃនៅហាងលក់ទូរស័ព្ទប្រាកដមែន ដោយក្រុមជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ។ ជនសង្ស័យ បានស្លៀកពាក់ស៉ីវិល ជិះម៉ូតូ០១គ្រឿងម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AQ-1808 និងបានជិះម៉ូតូចូលមកកន្លែង ហាងលក់ទូរស័ព្ទដៃរបស់ឈ្មោះ ខេង គក់ ភេទប្រុស អាយុ៣១ឆ្នាំ នៅចំណុចផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយសួរទិញទូរស័ព្ទម៉ាក OPPO ចំនួន២គ្រឿង។ ពេលនោះម្ចាស់ហាងឈ្មោះ ខេង គក់ បានយកទូរស័ព្ទឲ្យមើល ក៏ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ចំនួន២គ្រឿងនោះតែម្តង។ បន្ទាប់ពីធ្វើសកម្មភាពឆក់នេះ ក្រុមជនសង្ស័យបានរត់ឡើងជិះម៉ូតូ គេចខ្លួនតាមបណ្តោយលើផ្លូវជាតិលេខ៤ មកទិសខាងកើត។

លោកស្នងការបានបន្តថា បន្ទាប់ពីឆក់ហើយភ្លាមៗនោះ ក្រុមជនរងគ្រោះ និងកម្លាំងនគរបាលស្រុកភ្នំស្រួច បានជិះម៉ូតូ និងរថយន្តដេញតាមពីក្រោយ។ ក្រុមជនសង្ស័យ រហូតមកដល់ចំណុចមុខរោងចក្រកាត់ដេ ក្រុមហ៊ុន វ៉ា សាន អេចខេ ហ្វេកធើរី ខេមបូឌា ស្ថិតនៅក្នុងភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ពួកគេបានលោតចុះពីលើម៉ូតូ​ និងបានរត់គេចខ្លួនដោយ បន្សល់វត្ថុតាងម៉ូតូ SL មួយគ្រឿងនេះតែម្តង ហើយភ្លាមនោះកម្លាំងជំនាញនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបាន យកទៅរក្សាទុក ដើម្បីស្រាវជ្រាវស្វែងរកជនសង្ស័យ ចាប់មកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *