បុរសម្នាកជិះម៉ូតូបុកគូទរថយន្តពេញទំហឹង ដួលបោកក្បាលធ្លាយខួរស្លាប់

ខេត្តតាកែវៈ គ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលឲ្យបុរសម្នាក់ បាន​ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយជិះម៉ូតូម្នាក់ឯង ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តចតនៅលើទ្រូងផ្លូវពីក្រោយពេញទំហឹងកាលពីវេលាម៉ោង៥និង៥០នាទីព្រលប់ ថ្ងៃអង្គារ ៦ កើត ខែ កក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ​លេខ១២២-១២៣ នៅត្រង់ចំណុចភូមិទទឹង ឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ។

លោក ទៀ សូរិយា អធិការរងនគរបាលស្រុកគិរីវង់ បានប្រាប់ឲ្យដឹងថា រថយន្តម៉ាកNISAN ពណ៌ស ស្លា​កលេខពោធិ៍សាត់ 3A-0113 ធ្វើដំណើរពីត្បូងទៅជើង ខណៈដែលមកដល់ចំណុច​កើតហេតុខាងលើ រថយន្តបានអស់ប្រេង ហើយចតនៅលើទ្រូងផ្លូវ ស្រាប់តែមានម៉ូតូមួយ​គ្រឿង​ម៉ាកហុងដា សេ125 សេរីឆ្នាំ2010 ពណ៌ខ្មៅ ស្លាក​លេខ ភ្នំពេញ1BE-7739 បើកបរដោយ​ឈ្មោះ គៀវ គួន ភេទប្រុស អាយុ៤២ឆ្នាំ រស់​នៅភូមិចេក ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ មុខរបរកសិករ មិនពាក់មួកសុវត្ថិភាពមកបុកគូថពីក្រោយរថយន្ត បណ្តាលឱ្យដួលបែកស្លាប់​នៅ​កន្លែង​កើតហេតុតែម្តង។

ក្រោយកើតហេតុអ្នកបើកបរមិនបានស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ ។ ចំណែក​រថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមកក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក​គិរីវង់​ជាបណ្ដោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវបំពេញសំណុំរឿងតាមនិតិវិធី។ រីឯសាកសពត្រូវបាន​សមត្ថកិច្ចជំនាញ ប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *