ប្អូនកាប់បង ខឹងបងឃាត់កុំឲ្យផឹកទៀតនិងស្រែកឡូឡារំខានអ្នកជិតខាង

ខេត្តកណ្ដាល:អំពើហិង្សាដោយចេតនាមួយបានកើតមានឡើង កាលពីវេលាម៉ោង​៨និង១០នា​ទីយប់ ថ្ងៃអង្គារ ៦ កើត ខែ កក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចលើផ្ទះឈ្មោះសាត អៀស្ថិតនៅភូមិកំពង់ទ្រា ឃុំស្អាង ភ្នំស្រុកស្អាង ខេត្តកណ្តាល ដោយប្អូនផឹកស្រវឹង បងប្រុសឃាត់ឲ្យលែងផឹក ប្អូនខឹងខឹងទាញកាំបិតផ្គាក់​កាប់បង​មុតជើងរបួសធ្ងន់

មន្ត្រីនគរបាល ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាត អៀ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ត្រូវជាបងបង្កើតជនសង្ស័យសង្ស័យ ឈ្មោះសាត សយ ហៅត្រ​ឡិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់រស់នៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា នៅវេលាថ្ងៃកើតហេតុខាងលើ ឈ្មោះសាត សយជាប្អូនមានសភាពស្រវឹងស្រា ហើយបាននិយាយឡូឡាជាខ្លាំង រំខានដល់អ្នកជិតខាងដេកពួនមិនបាន។ ពេលឃើញដូច្នេះបងប្រុសឈ្មោះសាត អៀ ក៏បាននិយាយណែនាំប្អូនប្រមឹករូបនេះកុំឲ្យនិយាយឡូឡាខ្លាំងៗពេកប៉ុន្តែបែរជាប្អូនខឹងក៏បានឈ្លោះប្រកែកគ្នាទៅវិញទៅមក ព្រមទាំងបានប្រតាយប្រតបគ្នាតែម្តងរួចហើយ។ បន្ទាប់មក ប្អូនប្រុស  បានរត់ទៅទាញកាំបិតផ្គាក់មកកាប់ទៅលើបងប្រុស ដោយមួយកាំបិត​ដំបូងត្រូវ​ជញ្ជាំងផ្ទះ និងមួយកាំបិតបន្ទាប់ត្រូវចំជើងខាងស្តាំក្រោមក្បាលជង្គង់ បណ្តាលឲ្យមុតហូរ​ឈាមយ៉ាងខ្លាំង។

ប្រភពដដែលបន្តទៀតថា ពេលទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ស្អាងភ្នំ បានចុះទៅធ្វើអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចបានបញ្ជូនបងប្រុសជាជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ដើម្បីព្យាបាលរបួស។ ចំណែក​ជនសង្ស័យជាប្អូន ត្រូវបាន​សមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលស្អាងភ្នំ ដើម្បីសាកសួរនិងបន្តអនុវត្តតាមនីតិវិធី៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *