បាញ់មេឃនៅពីរកន្លែងផ្ទួនៗគ្នា ប៉ូលិសតាមក្របួចបាន

ខេត្តកំពត ៖ មន្ដ្រី​យោធា​ម្នាក់ និង​បក្ខពួក​៦នាក់ បន្ទាប់ពីចេញពីកន្លែង​ផឹកស៊ី ក្នុង​ហាង​ខារ៉ាអូខេ រ៉ូយ៉ាល់​កំពត បានដក​កាំភ្លើងខ្លី​បាញ់​មេឃជាច្រើនគ្រាប់នៅពីរកន្លែងផ្ទួនៗ​គ្នា​ដោយគ្មានមូលហេតុ​ ហើយក្រោយមកត្រូវ​កម្លាំង​នគរបាលក្រុងកំពត តាមក្របួចបាន​ភ្លាមៗ ចំនួន ៣​នាក់ ឯ៣នាក់ទៀតគេចខ្លួនបាត់ ។

ករណីបង្ក​ការភ្ញាក់ផ្អើល កាលពី​យប់ ថ្ងៃ ចន្ទ១២ កើត ខែ កក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត​។​

​សមត្ថកិច្ចនគរបាលក្រុងកំពតបានឲ្យដឹងថា មុនពេល​កើតហេតុ មនុស្ស​មួយក្រុម មាន​គ្នា ៦​នាក់ មិនទាន់​ស្គាល់ អត្តសញ្ញាណ ជិះ​ម៉ូតូ​ចំនួន៤​គ្រឿង បាន​ដក​កាំភ្លើងខ្លី បាញ់​ឡើងលើ មួយ​គ្រាប់ក្រោយ​ចេញពីហាង ខារ៉ាអូខេ រ៉ូយ៉ាល់ ហើយ​ជិះ​ម៉ូតូ គេចចេញ​បាត់​។ ក្រោយមកទៀត ខ្មាន់កាំភ្លើងដដែលក៏បាន​បាញ់​ឡើងលើពីរគ្រាប់ទៀត នៅលើ​ស្ពាន ព្រែក​កំពង់បាយ និង​នៅក្បែរ ខារ៉ាអូខេ​រ៉ូ​យា​ល់ ដដែល ហើយ​គេ​ខ្លួន បាត់ស្រមោល​។​

​ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ជំនាញ បាន​បើក​ការស្រាវជ្រាវ រហូតដល់ម៉ោងទៀបភ្លឺ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទើប​ឃាត់ខ្លួន ជនសង្ស័យ ៣​នាក់ ក្នុងនោះមាន​ម្នាក់ ជាម​ន្ដ្រី​យោធា ជា​ជនដៃដល់​។ ជនសង្ស័យ ទី​១-​ឈ្មោះ ហេង ចិន្តា ហៅ​ចិន អាតុ ៣៣​ឆ្នាំ ជាម​ន្ដ្រី​យោធា រស់នៅ ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដកហូត​បាន កាំភ្លើងខ្លី​ទំនើប មួយ​ដើម ម៉ាក Glock 19 លេខ​LL T620 បង់​១ ទី​២-​ឈ្មោះ លាង សំបូរ ហៅ​ម៉ាប់ អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ ភូមិ​អណ្តូង​ខ្មែរ សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត និង​ទី​៣-​ឈ្មោះ ប៊ូ សុភា ហៅ​ម៉ៅ អាយុ ៣៣​ឆ្នាំ នៅ​ភូមិ​តា​ដឹប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះត្រូវបានកម្លាំងនគរបាលក្រុងកំពតកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *