ខឹងកូនបម្រុងដុតផ្ទះចោល ឪពុកសម្លាប់កូនអូសទម្លាក់ទឹកស្រះគេចខ្ឡួនបាត់

ខេត្តកំពង់ធំៈ អំពើហឹង្សាក្នុងគ្រួសារមួយ បណ្តាលឲ្យបុរសជាមនុស្សវិកលចរឹត​ម្នាក់​បាត់បង់ជីវិតយ៉ាងអាណោចអធ័ម ដោយសារឪពុកបង្កើតជ្រុលវ៉ៃនិងកាប់​យ៉ាងចាស់​ដៃ លើកូនព្រោះ​តែកូនប្រុសរូបនេះបម្រុងដុតបំផ្លាញផ្ទះកំពុងរស់នៅចោល។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ១រោច ខែកក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០១៨  នៅ​​នឹងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិព្រីង ឃុំជីក្រែង ស្រុកជីក្រែង។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកជីក្រែងបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ស៊ុន ថា ភេទប្រុស អាយុ២៩ឆ្នាំ ជាជនវិកលចរឹត(សរសៃប្រសាទ) ។ រីឯឪពុក​ឪពុកបង្កើតជាជនដៃដល់ ឈ្មោះ ស៊ិន ធុល  អាយុ៥៥ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិ​ឃុំកើតហេតុខាងលើ ។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ក្រោយពីទទួលព័ត៌មានពីនាយនគរបាលប៉ុស្តិ៍​រដ្ឋបាលជីក្រែងនៅម៉ោង ៨និង៣០នាទី ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨  ថាមាន​ករណីសម្លាប់មនុស្ស លោកអធិការនគរបាលស្រុកបាន​បញ្ជាកម្លាំង​ជំនាញចុះដល់​កន្លែងកើតហេតុ នៅភូមិព្រីង ឃុំជីក្រែង ដើម្បីស្រាវជ្រាវក្នុងករណីនេះជាបន្ទាន់។ នៅពេលទៅដល់ចំណុចកើតហេតុមាន  សាក្សីម្នាក់បានបំភ្លឺសមត្ថកិច្ចថា  ឈ្មោះស៊ិន ធុល  ជាឪពុកបង្កើតរបស់ជនរងគ្រោះ( ជនវិកលចរឹត)បានកាប់ និងវាយកូនរបស់ខ្លួន រូបនេះបណ្តាលឲ្យស្លាប់នៅលើកាំជណ្តើរផ្ទះរបស់ខ្លួន រួចហើយអូសជនរងគ្រោះ​ទៅខាងក្រោយផ្ទះបាត់ ។ លុះដល់ម៉ោង ២យប់ ក្នុងថ្ងៃ​ដដែល ក្រោយឈ្មោះ ស៊ិន ធុល និងប្រពន្ធ ឈ្មោះស៊ិន ឈន់ អាយុ៥៣ឆ្នាំ ដែលត្រូវ​ជាឪពុកម្តាយជនរងគ្រោះ​សម្លាប់កូនរួចក៏បាននាំគ្នារត់ចាកចេញពីផ្ទះទៅបាត់​តែម្តង។

រីឯសាកសពពេលទៅដល់សមត្ថកិច្ចបានរកឃើញនៅក្នុងទឹកស្រះក្រោយផ្ទះកើតហេតុ ចម្ងាយប្រហែល២០ម៉ែត្រពីផ្ទះ។ លុះដល់វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ខែ វិច្ឆិកា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យនៅលើសាក​សពឃើញស្នាម​កាប់និងកាំបិតត្រូវមួយកន្លែងត្រង់លើត្រចៀកខាងឆ្វេងនិងលើក្បាលហើមជាំ ។

ប្រភពពីសាក្សីនៅក្បែរផ្ទះកើតហេតុបានឲ្យដឹងថា ​មុនពេលកើតហេតុ គេឮសូរឪពុក​ស្រែក​ដាក់កូនជាជនរងគ្រោះដោយសម្តីខ្លាំងៗព្រោះខឹងកូនរូបនេះបម្រុង​ដុតផ្ទះ​បំផ្លាញ​​ទ្រព្យក្នុងចោល ថែមទាំងធ្លាប់វាយគាត់ជាឪពុកម្តាយជាច្រើនលើកច្រើនសា មកហើយដែរ ។ លុះស្រែកដាក់កូនរួចក៏ឮសំឡេងប្រទូស្តរ៉ាយគ្នាមួយ​សន្ទុះក៏ស្ងាត់​ឈឹង ហើយមកដល់ម៉ោង២យប់ ទើប បង្កការភ្ញាក់ផ្អើលថាមានមនុស្សស្លាប់នៅ​ក្រោយផ្ទះឈ្មោះ ស៊ិន ធុល នេះតែម្តង ។

ក្រោយពីពិនត្យសាកសពរួច សមត្ថកិច្ចជំនាញបានប្រគល់សាកសពឲ្យសាច់ញាតិយក​ទៅធ្វើបុណ្យ​តាមប្រពៃណី គ្រាដែលសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនឪពុកម្តាយ ជាជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *