អាជ្ញាធរខណ្ឌ​ពោធិ៍សែនជ័យ ចាត់វិធានការ​ក្ដៅទាំងយប់ ចុះរើសម្ភារៈដែលអាជីវ​ករលក់ដូរ​លើផ្លូវផ្គើននឹង​បម្រាម

0
186

 

 

 

 

ភ្នំពេញ ​៖ការ​ចុះ​បង្ក្រាប​នេះ​ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក សេង គន្ធ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចម្រុះចាត់វិធានកាក្តៅ ចុះរុះរើសម្ភារៈនៅកន្លែង​ដែលអាជីវករយកចិញ្ចើមផ្លូវលក់ដូរ ប្រកបមុខរបររកស៊ីទាំងយប់ ធ្វើឱ្យប៉ះពាល់ដល់ផ្លូវសាធារណៈ កកស្ទះចរាចរណ៍ បាត់បង់សោភ័ណភាព និងបង្កភាពអនាធិបតេយ្យ​លើដងផ្លូវ។

ទីតាំងខាងលើនេះ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ មុខរោងចក្រប៊ឺរី ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧នេះ។

ក្រៅពីវិធានការខាងលើ ក្រុមអាជ្ញាធរក៏បានអប់រំពីបញ្ហាជាច្រើនលើកច្រើនសារ តែក្រុមអាជីវករមិនព្រមស្តាប់។

លោក ហែម ដារិទ្ធិ បានឱ្យដឹងថា មុននឹងលោកចាត់វិធានការបែបនេះ លោកបានចុះអប់រំណែនាំ និងព្រមានប្រាប់ដល់ក្រុមអ្នកលក់ដូរទាំងអស់ ជាច្រើនលើកជាច្រើន​សារ​មកហើយ កុំយកផ្លូវប្រកបមុខរបរអាជីកម្មបង្កភាពអនាធិបតេយ្យ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈលើដងផ្លូវបង្កភាពរញ៉េរញៃ បង្កការកកស្ទះចរាចរណ៍បាត់បង់សោ​ភ័ណភាព និងបង្កបញ្ហាអនាម័យជាដើម។

លោកក៏បានបញ្ជាក់ថា បញ្ហារំលោភយកផ្លូវធ្វើអាជីវកម្មបែបនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សង្គម តែក្រុមអាជីករទាំងអស់ មិនព្រមស្តាប់ការហាមប្រាម​របស់​អាជ្ញា​ធរ​ឡើយ ថែមទាំងនៅបន្តលក់យ៉ាងគគ្រឹកគគ្រែងដដែល ទើបលោកដឹកនាំកម្លាំងដោយផ្ទាល់តែម្តង ចុះរុះរើ និងប្រមូលយកសម្ភារៈទាំងនោះយកទៅដុតចោលតែម្តង។ សូមបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងក្រោយមានបញ្ជាពីអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្សផងដែរ៕​សិរសា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here