ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ធ្វើសកម្មភាពឆក់កាបូបកម្មការិនីរោងចក្

0
109

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានកម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាលដំណាក់អំពិល ចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីកម្មការិនី​រោង​ចក្រម្នាក់ កាលពីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពព័ត៌មានពីមន្រ្តីរដ្ឋបាលដំណាក់អំពិលបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ ទី១- រ័ត្ន ភារុន ហៅត័រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិត្រអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) ទី២-ឈ្មោះ ខុន សុខនឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួលខេត្តកណ្តាល (គេចខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ ប៊ូ សុខុម ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ នៅភូមិអូរក្រសារ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (ដួលម៉ូតូរបួសរលាត់ជង្គង់ខាងឆ្វេង)។

សមត្ថកិច្ចដដែលបន្តថា វត្ថុតាងដកហូតបានរួមមាន ទូរស័ព្ទដៃ ១គ្រឿង ជារបស់ជនសង្ស័យ, ម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GV-8728 លេខតួ និងលេខម៉ាស៊ីន៥១៨៥៧៥៤ ។

សមត្ថកិច្ចបន្ថែមទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូហុងដាឌ្រីម ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GG-9379 ដោយប្តីឈ្មោះ ពេទ វី ជាអ្នកឌុប ព្រមទាំងកូន២នាក់ ជិះជាមួយពីក្រោយ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យជិះមកដល់ ហើយបានឆក់យកកាបូបស្ពាយពីជនរងគ្រោះ តែមិនដាច់ខ្សែកាបូបនោះទេ បណ្តាលឱ្យម៉ូតូជនរងគ្រោះដួលសង្កត់ទៅលើម៉ូតូជនសង្ស័យ។ ពេលនោះជនសង្ស័យបានលើកម៉ូតូឡើង ហើយជិះរត់ទៅទិសខាងលិច ទើបអ្នកលក់ដូរនៅក្បែនោះស្រែកថាចោរៗក៏ជួបនឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដំណាក់អំពិល ដែលកំពុងល្បាតដេញតាមជនសង្ស័យជិះម៉ូតូរត់គេចធ្លាក់ប្រឡាយចិញ្ចើមថ្នល់។ ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍ឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ រ័ត្ន ភារុន ហៅ ត័រ នៅចំណុចដីវាល។ ចំណែកឯឈ្មោះ ខុន សុខនឿន គេចខ្លួនបាត់ស្រមោល។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បានសារភាពថា ខ្លួន និងឈ្មោះ ខុន សុខនឿន ពិតជាបានធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះប្រាកដមែន។ ករណីនេះកម្លាំងជំនាញកំពុងកសាងសណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here