ទឹកដោះម្តាយថ្លៃគ្រួសាររៀបចំរោងបុណ្យសពកូនរួចហើយ តែបែរជាកូនរួចផុតពីសេចក្តីស្លាប់នៅក្រោមគំនរអគារបាក់បែក

0
138

  ខេត្តព្រះសីហនុ ពិតជាទឹកដោះម្តាយថ្លៃ និងមិនខុសពាក្យចាស់ពោលថា ជីវិតមិនអស់មិន​ស្លាប់ ពោលគឺថ្លាថ្លែងមិនចេញនូវក្តីរំភើបហួសពីការស្មាន ដែលជនរងគ្រោះនៃឧបទ្ទវហេតុ​បាក់​រលំអគារ៧ជាន់២នាក់ចុងក្រោយគេ ដែលក្រុមប្រតិបត្តិការជួយសង្រ្គោះ បានជួយ​សង្រ្គោះកាលពីរសៀលថ្ងៃ២៤ខែមិថុនាឆ្នាំ២០១៩ ដោយយកចេញពីក្រោមគំនរអគារ​បែក​បាក់ជាប់ជិត៣ថ្ងៃអត់បាយក្រហាយទឹកនិងរងរបួសផងនោះ ខណៈដែលក្រុមគ្រួសារ​ឪពុក​ម្តាយមកពីស្រុកកំណើតអស់សង្ឃឹម បានរៀបចំធ្វើរោងបុណ្យសពកូនទៅហើយនោះ បែរជាកូននៅ​មាន​ជីវិតនៅឡើយ ។

ប្រភពពីខេត្តព្រះសីហនុ បានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ដែលក្រុមប្រតិបត្តិការជួយ​សង្រ្គោះចុងក្រោយ មានឈ្មោះ រស់ ស៊ីថា អាយុ៤០ឆ្នាំ មានស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែងនិងទី២៖ ឈ្មោះ កាក់ គា អាយុ១៨ឆ្នាំ មានស្រុកកំណើត ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលត្រូវបានក្រុមប្រតិបត្តិការសង្គ្រោះទាញយកចេញពីគំនរបែកបាក់អគារ កាលពីរសៀល​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ខណៈឪពុកបានធ្វើដំណើរទៅដល់ខេត្តព្រះសីហនុហើយ ដើម្បីរង់ចាំយកសពកូនទៅធ្វើបុណ្យនៅស្រុកកំណើត ប៉ុន្តែបែរជាកូននៅមានជីវិត។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះទាំងពីរចុងក្រោយនេះ ត្រូវបានសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឧបត្ថម្ភថវិកាចំនួន៣ម៉ឹនដុល្លារម្នាក់ តាមរយៈលោក សេង ទៀង ប្រគល់ជូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ រួចហើយ។

ក្នុងសកម្មភាពនេះ ជនរងគ្រោះទាំងពីរនាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​បំផុត​ចំពោះទឹកចិត្តដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់ចែងជួយ​សង្រ្គោះ​ពួកគាត់​ទាំងពីរនាក់ទាំងកម្លាំងកាយចិត្ត និងជួយឧបត្ថម្ភថវិកាទៀត។ ពួកគាត់ទាំងពីរនាក់​បានគោរព​ជូនពរសម្តេចតេជោសូមប្រកបដោយសុខភាពល្អ និងអាយុយឺនយូរ ។

ជនរងគ្រោះទាំង២នាក់ខាងលើ ក្រោយពីបានជួយសង្រ្គោះចេញពីគំនរបែកបាក់អគារភ្លាមៗ សម្តេចតេជោ ហ៊ុន សែន ដែលកំពុងមានវត្តមានដឹកនាំ បញ្ជាផ្ទាល់នៅទីនោះ បានអញ្ជើញ​ចូលទៅក្នុងរថយន្តសង្រ្គោះបន្ទាន់ ដើម្បីសាកសួរសុខទុក្ខដោយផ្ទាល់ចំពោះជនរងគ្រោះទាំងពីរនាក់ និងបានឲ្យក្រុមគ្រូពេទ្យចាត់ចែងបញ្ចូន ទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្រ្គោះ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here