ឃាត់មនុស្ស៣នាក់ ដោះដូរស្លាកគណ​បក្សប្រជាជន ដាក់ស្លាក​ក្រុមហ៊ុន

0
128

បន្ទាយមានជ័យៈ មនុស្ស៣នាក់មានទី១ ឈ្មោះ ព្រំ វៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជាមេជាង។ ២ ឈ្មោះ តី ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ កម្មករ ។ ៣ ឈ្មោះ យ៉ឹង ណុប ភេទប្រុស អាយុ៤៦ឆ្នាំ អ្នកទាំង៣នាក់ មានទីលំនៅឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅ​សាកសួរ នៅព្រឹកថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៩ ក្រោយធ្វើសកម្មភាពដោះដូរស្លាកគណ​បក្សប្រជាជន ដាក់ស្លាក​ក្រុមហ៊ុន កាលពីរសៀលថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៩។

សមត្ថកិច្ច បានឲ្យដឹងថា ស្លាកដែលមនុស្ស៣នាក់ផ្លាស់ប្តូរមានចំនួន៧នៅត្រង់ ចំណុចទ្រូងផ្លូវជាតិលេខ៥ ចាប់ពីមុខវត្តបាលិលេយ្យ ជិតដល់មុខស្ថានីយរថភ្លើង ក្នុងសង្កាត់ប៉ោយប៉ែត។ ស្លាកថ្មីទាំងនេះ សរសេរថា “ផាមខុនដូមីនៀម” ដែលគេដឹងថា ជារបស់ក្រុមហ៊ុន ខុនដូមីនៀម មានទីតាំងនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែតខាងជើងកាស៊ីណូមួយ។

កម្មករទាំង២នាក់ បាន​និយាយថា ពួកគាត់ទើបមកក្រុងប៉ោយប៉ែត ជាមួយមេជាង បាន២យប់ហើយការផ្លាស់ប្តូរស្លាក គឺ​ធ្វើតាមបញ្ជាមេជាងតែប៉ុណ្ណោះ។

ចំណែក​ឈ្មោះ ព្រំ វៃ (មេជាង) បាន​និយាយថា ខ្លួនធ្វើតាមបញ្ជាគេដែរ គឺក្រុមហ៊ុនធ្វើស្លាកយីហោឈ្មោះ វី សិន អៅឌ័រ មានទីតាំងនៅភ្នំពេញ។ មិនតែប៉ុណ្ណោះមេជាងរូបនេះ បើកទូរស័ព្ទបង្ហាញពីរូបភាព ដែលគេបញ្ជូនឲ្យនៅទីតាំង ដែលត្រូវដោះដូរ គឺមានទាំងរូបស្លាកគណបក្សប្រជាជនតាមទ្រូងផ្លូវតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យទាំង៣នាក់ កំពុងត្រូវបានសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here