ប្រជាពលរដ្ឋជាង ៥០នាក់ តវ៉ានៅមុខតុលាការចោទថាឧកញ៉ា ឈាង ប៉ាក់សួររំលោភយកដីស្រែពួកគាត់

0
132

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋមិនតិចជាង ៥០នាក់ រស់នៅឃុំត្រើយស្លាកើត ស្រុកស្អាង ខេត្តកណ្តាល លើកគ្នាមកតវ៉ាឧកញ៉ា ឈាង ប៉ាក់សួរ ដែលត្រូវគេស្គាល់ថា ជាឈ្មួញរកស៊ីដីធ្លីដ៏ល្បីម្នាក់ រំលោភយកដីស្រែរបស់ពួកគាត់ទាំងបំពានដល់មុខតុលាការខេត្តកណ្តាល នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះនិងទាមទារឲ្យមានការដោះលែងស្រ្តីម្នាក់ដែលគេចាប់មក ។

ប្រជាពលរដ្ឋទាំងនេះ បានកាន់ និងលើករូបថតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅចំពោះមុខក្រុមអ្នកយកព័ត៌មាន និងបានចោទ ប្រកាន់ត្រង់ៗថា ឧកញ៉ា ឈាង ប៉ាក់សួរ បានរំលោភដីស្រែរបស់ពួកគាត់ជាច្រើន ហិកតា នៅឃុំត្រើយស្លាកើត ស្រុកស្អាង ខេត្តកណ្តាល រហូតបានដាក់ពាក្យប្តឹងទៅតុលាការ និងបានចាប់ខ្លួនស្រ្តីម្នាក់ ជាម្ចាស់ដីយកទៅដាក់ពន្ធនាគារទៀតផង កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ។

ស្រ្តីម្នាក់ឈ្មោះ ថៃ ធានី តំណាងប្រជាពលរដ្ឋទាំងអស់ បានប្រាប់អ្នកយកព័ត៌មានថា គាត់ជាកូនស្រីរបស់អ្នកស្រី ច្រេង ស៊ាង ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ យកទៅដាក់ពន្ធនាគារ។ អ្នកស្រី ថៃ ធានី បានអំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន ជួយផ្តល់យុត្តិធម៌ និងសុំឲ្យតុលាការដោះលែងម្តាយរបស់អ្នកស្រីវិញ ដោយសារតែឧកញ៉ា ឈាង ប៉ាក់សួរ បានចោទប្រកាន់ម្តាយរបស់គាត់ជាអ្នករំលោភយកដី តែតាមការពិតម្តាយរបស់អ្នកស្រី មិនបានទៅរំលោភយកដីរបស់ឧកញ៉ានោះទេ។

ស្រ្តីរូបនេះបានបន្តទៀតថា ម្តាយរបស់អ្នកស្រី និងប្រជាពលរដ្ឋ បានធ្វើស្រែតាំងពីឆ្នាំ២០១៤ រហូតមកដល់ឆ្នាំ២០១៧ ទើបតែនៅឆ្នាំ២០១៨ ស្រាប់តែឧកញ៉ា ឈាង ប៉ា់ក់សួរ មករករឿង និងប្តឹងផ្តល់ទៅតុលាការ រហូតមានការចាប់ម្តាយរបស់គាត់ដាក់ពន្ធនាគារ ខណៈសាលាឧទ្ធរណ៍នឹងបើកសវនាការនៅថ្ងៃទី៣ និងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ។

នៅលើបដាដែលកំពុងឈរកាត់តវ៉ានោះ ប្រជាពលរដ្ឋបានសរសរដោយមានខ្លឹមសារថា «លោក ឧកញ៉ា ឈាង ប៉ាក់សួរ រំលោភយកដីស្រែយើងខ្ញុំ, សូមតុលាការអនុញ្ញាតឱ្យធ្វើស្រែ វិញ, យើងនឹងគ្មានអ្វីហូប បើតុលាការហាមមិនឱ្យធ្វើស្រែ ដីស្រែរបស់យើង គឺជាជីវិតរបស់យើង យើងមានសិទ្ធិប្រើប្រាស់ អាស្រ័យផលលើដីស្រែរបស់យើង»។

គេមិនទាន់អាចសុំការបកស្រាយពីខាងភាគីឧកញ៉ា ឈាង ប៉ាក់សួរ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះបានឡើយ។ ប្រជាពលរដ្ឋបានកត់សម្គាល់ធា ឧកញ៉ា ឈាង ប៉ាក់សួរ ក៏ធ្លាប់ត្រូវបានប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកកៀនស្វាយ ខេត្តកណ្តាល បានចោទប្រកាន់ថា បានយកគ្រឿងចក្រទៅឈូសឆាយរំលោភយកដី របស់ពួកគាត់ផងដែរ ដោយគ្មានដំណោះស្រាយអ្វីនោះឡើយ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here