ហិង្សាលើប្រពន្ធ មួយករណីដុតផ្ទះរួចចងក មួយករណីទៀតដុតផ្ទះស្លាប់​ទាំងឪពុក ម្តាយនិងកូន

0
110

ខេត្តព្រៃវែង-សៀមរាបៈ អំពើហិង្សាដែលកើតឡើងពីគំនិតអគតិរបស់បុរសមួយចំនួន បានបង្កមហន្ត រាយដល់ទ្រព្យសម្បត្តិផ្ទះសម្បែងនិងអាយុជីវិតមនុស្សគួរឲ្យសោក​ស្តាយនិងរន្ធត់បំផុត ដោយសារភាពកម្លៅយកកំហឹងទល់កំហល់ ។

ជាក់ស្តែងមានរឿងហិង្សាចំនួនពីរ កើតឡើងក្នុងថ្ងៃតែមួយ ដោយសារបុរសជាប្តីមានកំហឹងនិងប្រពន្ធបានដុតបំផ្លាញទ្រព្យសម្បត្តិ និងឆេះផ្ទះរហូតមានបាត់បង់ជីវិតមនុស្សទៀតផង ដែលករណីទី១ កើតឡើងវេលាម៉ោង៦និង ៣០នាទីព្រឹកថ្ងៃអាទិត្យ៦កើត ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០១៩  នៅចំណុចភូមិ ឆ្ពឹស ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ឈ្មោះឈ្មោះ ប៉ឹង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ មានទីលំនៅចំណុចកើតហេតុខាងលើ បាន ខឹងប្រពន្ធរបស់ខ្លួន ខណៈបានឈ្លោះគ្នាតាំងពីថ្ងៃទី៤ ខែកក្កដា មកម្ល៉េះ ហើយមកដល់ថ្ងៃកើតហេតុបានដុតខោអាវចោលក្នុងផ្ទះ បណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអស់ស្ទើរទាំងស្រុង រួចរត់ទៅចងកសម្លាប់ខ្លួនឯងតាមក្រោយ។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលត្រូវឆាបឆេះអស់ស្ទើរទាំងស្រុងនោះមានទំហំ ៦ គុណនឹង ១២ម៉ែត្រ សង់ពីឈើ ប្រក់ក្បឿង បណ្ដាលឲ្យឆាបឆេះទូដាក់សម្លៀកបំពាក់ មួយចំនួន ម៉ាស៊ីនត្រជាក់១គ្រឿង ទូរទស្សន៍១គ្រឿង សរុបការខូចខាតចំនួន$30,000។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ការឆេះផ្ទះនេះ បណ្តាលមកពីបុរសខាងលើ ខឹងនឹងប្រពន្ធ របស់ខ្លួនឈ្មោះ សឿន ឡូត អាយុ ២៧ ឆ្នាំ ដែលបាន ឈ្លោះប្រកែកគ្នាជាបន្តបន្ទាប់រយៈពេល ៣ថ្ងៃមកហើយ។ លុះដល់ថ្ងៃកើតហេតុខាងលើ បុរសនេះប្រហិង្សាដាក់ប្រពន្ធមិនបានក៏ប្រមូលសម្លៀកបំពាក់ក្នុងផ្ទះដុតតែម្តង ពេលប្រពន្ធមិននៅផ្ទះដោយចេញក្រៅ។ ក្រោយបង្កហេតុរួច ស្រាប់តែបុរសនេះ រត់ទៅចងកសម្លាប់ខ្លួនឯងក្នុងបន្ទប់ទឹកតាមក្រោយ។

យ៉ាងណានៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័ជួយពន្លត់ទាន់ពេលវេលាទើបមិនបង្កឆេះរាលដាលដល់ផ្ទះដទៃ ដោយប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែក មានរឿងដូចគ្នានេះដែរ បានកើតមាននៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃអាទិត្យដដែល  នៅត្រង់ចំណុចភូមិស្វាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មានបុរសម្នាក់ខឹងប្រពន្ធបានយក សាំងដុតប្រពន្ធ កូន និងខ្លួនឯងនៅលើផ្ទះ បណ្តាលឲ្យឆេះផ្ទះម៉ត់ និងធ្វើឲ្យមនុស្សទាំង៣នាក់(ឪពុក-ម្តាយ និងកូន) ស្លាប់ក្នុងភ្នក់ភ្លើង យ៉ាងអាណោចអាធ័ម ។

សមត្ថកិច្ចនគរបាលស្រុកថ្មពួកបានឲ្យដឹងថា ជនបង្កបានដុតផ្ទះឪពុកម្ដាយក្មេក ដែលឪពុកក្មេកនោះ ឈ្មោះ ជី ជុំ ភេទប្រុស អាយុ ៥៧ឆ្នាំ និងម្ដាយក្មេក ឈ្មោះ មុយ រឿត អាយុ ៥៨ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនបង្កឈ្មោះ គង់ ចំណាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ បានទិញសាំងចំនួន២ដប មកចាក់ដុត ផ្ទះ(ឪពុក ម្តាយក្មេក)ខណៈដែល បុរសនេះនិងប្រពន្ធ ឈ្មោះ ជី ស្រីមុំ អាយុ ៣៣ឆ្នាំ មានជម្លោះនឹងគ្នា ហើយប្រពន្ធមកសម្ងំលាក់ខ្លួននៅផ្ទះឪពុកក្មេកជាមួយនឹងកូនតូច ម្នាក់ឈ្មោះ មេត្តា ភេទប្រុសអាយុ២ខែ ដោយចាក់ សោទ្វារខាងក្នុងផ្ទះមិនឲ្យចេញរួច ហើយចាក់សាំងដុតផ្ទះបណ្ដាលឲ្យ ស្លាប់ទាំងអស់គ្នាទាំង៣នាក់តែម្តង។

តាមរបាយការណ៍លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួកបានបញ្ជាក់ថា ទំហំខូចខាត ឆេះផ្ទះទំហំ ៦,៥x៩ម៉ែត្រ ថ្មក្រោម ឈើលើ ប្រក់ក្បើង ជញ្ជាំងក្ដារ កម្ពស់៤ម៉ែត្រ និងខូចខាតទ្រព្យសម្បត្តិអស់ទាំងស្រុង ។ សរុបការខូចខាតរួមមាន៖ មាសចំនួន០៣តម្លឹង -ផ្លាកទីន ២ជី ប្រាក់ដុល្លារ ១០០០$ ប្រាក់ខ្មែរ ៣.៤០០.០០០(បីលានសែសិបម៉ឺនរៀល)

ក្នុងពេលកំពុងកើតហេតុកងអន្តរាគមន៍និងសង្គ្រោះប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ៣គ្រឿង(ខេត្ត២និងស្រុក១គ្រឿង)អស់ទឹក៤ស៊ីទែន ទើបរលត់។

ក្រោយកើតហេតុកម្លាំងនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តបានចុះពិនិត្យសាកសពទាំង៣នាក់និងបានប្រគលល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here