ចង់បានកូនប្រសាអ្នកទីក្រុង ចាប់កូនស្រីដាក់ច្រវាក់បង្ខាំងនៅផ្ទះមេប៉ុស្ដិ៍នគរបាល បាក់អន្លូងព្រោះចង់បំបែកចេញពីគូដណ្ដឹង

0
106

ខេត្តឧត្ដរមានជ័យ÷ នាងក្រមុំម្នាក់ដែលទើបភ្ជាប់ពាក្យជាមួយគូដណ្តឹងបាន១ថ្ងៃ ត្រូវម្ដាយ​បង្កើត​ចាប់ចងនិងដាក់ច្រវាក់បង្ខាំង នៅក្នុងផ្ទះមេប៉ុស្តិ៍នគររដ្ឋបាលបាក់អន្លូងដែលត្រូវ​ជាដន្លង ព្រោះតែចង់​បំបែក​​ចេញពីគូដណ្ដឹងរបស់នាងឲ្យទៅយកប្តីនៅក្រុងភ្នំពេញ ។

រឿងរ៉ាវទាំងនេះត្រូវបានភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃសុក្រ​១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​១២ខែកក្កដា ​ឆ្នាំ​២០១៩ នៅភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំង​ប្រាសាទ ​ខេត្ត​ឧត្ដរមានជ័យ បន្ទាប់ពីនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងឲ្យនគរបាល ស្រុក ជួយរកយុត្តិធម៌ ។​

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ ស៊ុន ស្រីនិច អាយុ១៩ឆ្នាំ ត្រូវម្ដាយ​បង្កើត​​​ឈ្មោះ​ ឈ្មោះហៀង​ មុំ​ អាយុជាង៤០ រស់នៅភូមិ​តាសំ ឃុំអូរស្វាយស្រុកត្រពាំង​ប្រា​សាទ​​ខេត្តឧត្ដរមានជ័យ​ ។ នាងអះអាងប្រាប់សមត្ថកិច្ចថា ម្តាយបង្កើតបានបង្កហិង្សាបង្ខាំង ចងនិងដាក់ច្រវ៉ាក់ នៅក្នុងផ្ទះលោករ៉ាត់ (ឈ្មោះហៅក្រៅ)ជាមេប៉ុស្ដិ៍នគរបាលរដ្ឋបាល​បាក់អន្លូង(ឃុំផ្សេង) ព្រោះតែចង់បំបែកចេញពីគូដណ្ដឹង របស់នាង ឲ្យទៅយកប្តីនៅក្រុង​ភ្នំពេញ ។

នាង ស៊ុន ស្រីនិច បានរៀបរាប់យ៉ាងក្បោះក្បាយថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្ដាយ​បង្កើតរបស់នាង បានប្រើហិង្សាមកលើរូបនាងយ៉ាងខ្លាំង ដោយចាប់នាងចង​នឹងខ្សែ​ព្រមទាំង​ដាក់ច្រវាក់យកទៅឃុំខ្លួននៅផ្ទះ តារ៉ាត់​ ជាមេប៉ុស្ដិ៍នគរបាលរដ្ឋាបាល បាក់អន្លូង អស់រយៈ​ពេល​៧ម៉ោងគឺតាំងពីម៉ោង៣រសៀលដល់ម៉ោង១០យប់ទើបដោះលែង  ​ ។

នាង ស៊ុន ស្រីនិច បានបញ្ជាក់ទៀតថា ម្តាយនាងបានធ្វើទារុណកម្ម វ៉ៃធ្វើបាបចាប់ចងនិងដាក់​ច្រវាក់លើរូបនាងនេះព្រោះតែចង់បំបែកបំបាក់នាងពីគូដណ្ដឹងឈ្មោះ សួរ ណេត អាយុ២០ឆ្នាំ រស់នៅភូមិជាមួយគ្នាក្រោយនាងបានភ្ជាប់ពាក្យបានមួយថ្ងៃនិង ដើម្បីបង្ខំចង់ឲ្យនាង​ទៅយកប្ដី​នៅទីក្រុង ភ្នំពេញជាអ្នកមានទ្រព្យស្ដុកស្ដម្ភនិង​មានការងារល្អធ្វើនឹងគេ ។ ការបង្ខំនេះត្រូវបាននាងប្រកែកមិនព្រមទទួលយកដាច់ខាតទោះ​ស្លាប់ក៏មិនអាចបែកគ្នាជា​មួយបុរសជាគូដណ្ដឹងរបស់នាងបានដែរ ព្រោះនាងបានទុំមុនស្រ​​គាល រហូតដល់មាន​ផ្ទៃពោះ​៣​ខែទៅហើយ។

នាងរៀបរាប់ទៀតថា ពេលដែលម្ដាយរបស់នាងឃុំខ្លួននាងចងនិងច្រវ៉ាក់នៅលើផ្ទះ តារ៉ាត់ ជាមេប៉ុស្ដិ៍នគរបាលរដ្ឋ​បាលនោះ លោក តារ៉ាត់ បាននិយាយទៅកាន់ម្ដាយនាងតាមទូរស័ព្ទថា អ្នកធ្វើអ៊ីចឹងឃោឃៅ​ពេកហើយ។ យ៉ាងណាតារ៉ាត់និយាយបែបនេះមែន តែគាត់មិនអាចជួយនាងបានទេព្រោះគាត់និងម្ដាយ​របស់នាងជាដន្លងនឹងគ្នា។

ទាក់ទិននឹងរឿងនេះដែរ លោកអ៊ិន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទបាន​ឲ្យដឹង​ថា រឿងនេះលោកបានជួយធ្វើអន្តរាគមន៍រួចហើយដែរនៅពេលម្ដាយនាង ស៊ុន ស្រីនិច តាមយាយីកូនស្រី រួចថែមទាំង បានឲ្យនាងសម្រាកនៅនឹងកន្លែងធ្វើការរបស់លោកអស់មួយ​យប់ទៀតផង​ដើម្បីការពារសុវត្ថិភាពកុំឲ្យម្តាយធ្វើបាប។

លោកបន្តថារឿងនេះលោកក៏បានកោះអញ្ជើញម្ដាយនារីខាងលើមកបំភ្លឺក្នុងករណីបង្ខាំងកូនស្រីខុសច្បាប់ដែរតែពួកគាត់មិនបានចូលបំភ្លឺទេ។ ម្យ៉ាងទៀតលោកបានពន្យល់ដល់នាង ស៊ុន ស្រីនិច បើស្រលាញ់គ្នាប្តូរផ្តាច់ជាមួយគូដណ្តឹងយ៉ាងនេះ នាងអាចដឹកដៃគូដណ្តឹងទៅចុះ អេតាស៊ីវីល(លិខិតទទួលស្គាល់អាពាហ៍ពីពាហ៍) នៅសាលាឃុំបាន ។

ចំណែកនាង ស៊ុន ស្រីនិច វិញប្រាប់ថា នាងធ្វើតាមការណែនាំរបស់លោកអធិការហើយ តែពេលទៅដល់សាលាឃុំគេមិនព្រមធ្វើឲ្យទេ។

ចំណែកលោកតា រ៉ាត់ជាមេប៉ុស្ដិ៍នគរ​បាលបាក់​អន្លូងបានបដិសេធថានារីដែលត្រូវម្ដាយ​ចាប់ចង​និងច្រវ៉ាក់នៅផ្ទះរបស់លោក​នោះលោកមិនបានដឹងទេ ព្រោះលោកជាប់រវល់ការងារ​នៅប៉ុស្ដិ៍ឯណេះ ។

យ៉ាងណារឿងរ៉ាវនេះ ត្រូវបានលោកអធិការនគរបាលស្រុក ត្រពាំងប្រាសាទ អះអាងថា បើមានពាក្យបណ្តឹងពីកូនស្រីទៅហើយ ស្រ្តីជាម្តាយមិនរួចខ្លួនទេ សមត្ថកិច្ចរបស់លោកនឹង ចាត់ការតាមច្បាប់ ៕សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here