ចាប់ប្រវឹកជាង១០០០ក្បាលយកទៅលែង និងឃាត់ខ្លួនមនុស្ស ៣នាក់យកទៅសួរនាំ

0
126

ខេត្តកំពង់ធំ៖ រថយន្ដក្រុមហ៊ុនឯកជនមួយគ្រឿង ដែលលួចដឹកសត្វព្រៃប្រភេទសត្វប្រវឹកជាង ១០០០ក្បាលបម្រុងនាំចូលទៅរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចបង្ក្រាបបាននៅព្រឹក ថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ នៅខេត្តកំពង់ធំ។

ប្រតិបត្តិការនេះ ដឹកនាំដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្ត​កំពង់ធំ។​ សមត្ថកិច្ចអះអាងថា រថយន្ដមួយគ្រឿង ដែលលួចដឹកសត្វប្រវឹកនេះ សង្ស័យនាំយក​មកពី​ព្រំដែនថៃ ហើយប្រវឹកនេះជាប្រវឹកព្រៃ មិនមែនគេចញ្ចឹមនោះទេ ដោយពួកគេបម្រុងនាំយក​ទៅរាជធានីភ្នំពេញ។

លោក អ៉ិត សុធា បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៣នាក់ផងដែរ ហើយបច្ចុប្បន្នកំពុងធ្វើការសួរនាំ នៅរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។ ដោយឡែក សត្វប្រវឹកព្រៃទាំងអស់នោះ បានលែងឲ្យហើរចូលព្រៃធម្មជាតិ នៅរមណីយដ្ឋានប្រិយប្រស់។

យ៉ាងណានៅលើរថយន្តដែលដឹកសត្វប្រវឹកទាំងនេះ ត្រូវបានគេឃើញថា មានបិទស្លាកឈ្មោះក្រុមហ៊ុនឯកជនមួយមានយីហោ CP ប៉ុន្តែមិនដឹងថា ជាក្រុមហ៊ុនហ្នឹងឬមួយយ៉ាងណានោះទេ។

គេបានកត់សម្គាល់ឃើញថា ករណីនេះកន្លងទៅសមត្ថកិច្ចក៏ធ្លាប់បានបង្ក្រាបជាបន្ដបន្ទាប់​ផងដែរ ប៉ុន្ដែមិន​មែនទ្រង់ទ្រាយធំដូចករណីនេះទេ ពោលមានសត្វប្រវឹកតិចតួចប៉ុណ្ណោះ​ដែលបង្រ្កាបបានហើយយកទៅលែង ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here