នាយសង្កាត់រដ្ឋបាលព្រៃឈើ៣រូប ត្រូវព្រះរាជអាជ្ញាចេញដីកាបញ្ជាឱ្យចូលខ្លួន

0
120

ខេត្តមណ្ឌលគិរី៖ នាយសង្កាត់រដ្ឋបាលព្រៃឈើ៣នាក់ ត្រូវព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មណ្ឌលគិរី លោកហៀង សុភក្ត្រ នាថ្ងៃ ទី១៧ខែកក្កដាឆ្នាំ២០១៩នេះ បានចេញដីកាបញ្ជា​ឲ្យចូល​ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីឱ្យបានមុនថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ ខណៈមន្រ្តីទាំងនេះ​កំពុងគេចខ្លួន ដែលសង្ស័យពាក់ព័ន្ធនឹងការបើកដៃឱ្យក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទ​​​ល្មើស​ព្រៃឈើ ។

នាយសង្កាត់រដ្ឋបាលព្រៃឈើទាំង៣រូប ដែលកំពុងរត់គេចខ្លួននេះរួមមាន៖ លោក លឿង ភិរុណ អាយុ ៥៥ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រែសង្គម-ណងឃីលឹក មានទីលំនៅក្នុងភូមិដំណាំកិន ឃុំដើមមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម, លោក ហ៊ុន វណ្ណេ អាយុ ៥០ឆ្នាំ នាយសង្កាត់រដ្ឋបាលព្រឈើរយ៉ មានទីលំនៅក្នុងភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ និងលោក គង់ វិរៈ អាយុ ៤៦ឆ្នាំ ជានាយផ្នែករដ្ឋបាលព្រៃឈើកោះញែក មានទីលំនៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការបញ្ជាឱ្យចូលខ្លួននេះ ដើម្បីសាកសួរទៅលើករណីមួយចំនួនមានដូចជា៖ ផ្តល់ការអនុញ្ញាត​ផ្ទុយនឹងបទបញ្ញត្តិនៃច្បាប់, អនុគ្រោះចំពោះបទល្មើសព្រៃឈើ, មិនរាយការណ៍ ឬមិនបាន​ដាក់​ពាក្យ​បណ្តឹងចំពោះបទល្មើសព្រៃឈើថ្នាក់ទី១ ដែលបានកើតក្នុងរង្វង់សមត្ថកិច្ចរបស់​ខ្លួនទាន់ពេលវេលា, ធ្វេសប្រហែសដោយចេតនាក្នុងការបំពេញភារកិច្ច ឬផ្តល់​ព័ត៌មានក្លែង​ក្លាយបន្លំជាលាយលក្ខណ៍អក្សរដែលជាមូលហេតុបង្កឱ្យកើតមានបទល្មើសព្រៃឈើថ្នាក់ទី១។

យ៉ាងណា ដីកាបញ្ជារបស់លោក ហៀង សុភក្ត្រ ក៏បើកផ្លូវឱ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីរដ្ឋបាល​ព្រៃឈើទាំង៣រូបនេះផងដែរ ប្រសិនបើប្រទះឃើញរូបគេនៅទីណានោះ។

សូមបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីនេះ ក្រៅពីការចាប់ខ្លួនលោកឧកញ៉ា ស៉ឹង សំអុល មេឈ្មួញឈើ និងបក្ខពួក៣នាក់ទៀត អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីក៏បានចេញដីកាបញ្ជាឱ្យអ្នករកស៊ីឈើ៤នាក់ផ្សេងទៀតឱ្យចូលខ្លួនបំភ្លឺពាក់ព័ន្ធបទល្មើសព្រៃឈើនេះផងដែរ។

អ្នករកស៊ីឈើទាំង៤នាក់ដែលកំពុងគេចខ្លួនដែរនោះរួមមាន៖ ឈ្មោះ សុង វិនចាង (Song Wenzhang) អាយុ ៦៨ឆ្នាំ មុខរបរជាអគ្គនាយកក្រុមហ៊ុនដាច់វូដ, ឈ្មោះ ចាង វិនតាវ (Wentao Zhang) នាយកក្រុមហ៊ុនយ៉ានចាវ, លោក ណេង ម៉ៅ អាយុ ៥០ឆ្នាំ តួនាទីជាអ្នកចាត់ចែង​ការប្រមូលឈើរបស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ និងលោក លោក សាំង សុខុន អាយុ ២៧ឆ្នាំ ជាអ្នកចាត់ចែង​របស់ក្រុមហ៊ុន «ម៉ាស្ទ័រខេសាន់» មានទីលំនៅក្នុងភូមិកោះសំរោង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here