ខេត្តកំពត ៖ ពិតជាអាណោចអាធ័មនិងគួរឲ្យហួសចិត្តណាស់ដែលប្តីប្រចណ្ឌចាប់ប្រពន្ធចងដៃជើងជើងព្យួរ និងសម្រាតខោអាវ ថែមទាំងយកទឹកអំបិលមកស្រោចលើខ្លួននាង ហើយចាក់ប្រេងកាតប្រុងដុតសម្លាប់ទាំងរស់ទៀតផង ប៉ុន្តែសំណាង ដែលត្រូវបាននគរបាលចុះទៅដល់កន្លែងកើតហេតុជួយទាន់ពេល ។
ប្តីចម្កួតនេះឈ្មោះអួន យន់ អាយុ៣១ឆ្នាំ មានទីលំនៅភូមិកោះត្រាច ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាចខេត្តកំពត ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ កាលពីវេលាម៉ោង០៦យប់ថ្ងៃទី១៩ មករា ២០១៧ ។ រីឯស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះពេជ្រ គិ អាយុ៣៣ឆ្នាំ មានកូន២នាក់ជាមួយប្តីមុន ឯប្តីក្រោយនេះអត់មានកូនជាមួយគ្នាទេ។
បុរសជាប្តី បាននិយាយឱ្យដឹងថា ខ្លួនពិតជាបានធ្វើបាបប្រពន្ធខ្លួនមែន ដោយសាតែខឹងប្រពន្ធទៅទៅដេកផ្ទះឪពុកក្មេក ហើយខ្លួនត្រឡប់មកពីសមុទ្រវិញ អត់ឃើញប្រពន្ធនៅផ្ទះ ។រូបគេបានធ្វើទារុណកម្មមកលើប្រពន្ធខ្លូនគ្មានមេត្តា ដូចជាយកលួស និងខ្សែអង្រឹងចងដៃចងជើងព្យូរ ស្រាតខោអាវច្រកទឹកអំបិល និងប៉ុនប៉ងប្រុងចាក់ប្រេងដុតទាំងរស់ទៀត ។
លោកអនុសេនីយ៍ទោ ងី ហូង នាយនគបាលប៉ុស្តិ៍ស្វាយទងបានឱ្យដឹងថា បើតាមដឹង កន្លងមកពី២នាក់ប្ដីប្រពន្ធនេះ កើតជម្លោះគ្នាជាញឹកញាប់ណាស់ តែរឿងខ្លះតិចតួច ត្រូវប្រពន្ធមិនបានប្ដឹងប្តល់ទេ ហើយផ្ទះវិញ ក៏ត្រូវប្តីនេះបំភ្លេចបំផ្លាញផងដែរ ។ អីឡូវនេះកំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការវិនិច្ឆ័ទោសតាមច្បាប់៕ សំបូរ
