រកឃើញរថយន្តបាកុង៦គ្រឿងទៀតពាក់ព័ន្ធដឹកឈើល្មើសច្បាប់កន្លងមក រួចដុតនិងកាត់ជា​កំណាត់កម្ទេចចោល

0
118

ខេត្តស្ទឹងត្រែង: ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈ​កម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដឹកនាំអនុវត្តដោយ​លោកឧត្តមសេនីយ៍ត្រី អៀង វាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការចូល រួមពី មន្ត្រីបរិស្ថានខេត្ត រដ្ឋបាលព្រៃឈើខេត្ត និងអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចចម្រុះ បានចុះ​ស្រាវ​ជ្រាវ​រកឃើញរថយន្តបាកុង ចំនួន​៦គ្រឿងបន្តទៀត ដែលមានពីទីតាំងផ្សេងពីគ្នា ពាក់​ព័ន្ធនឹងការដឹកជញ្ជូនឈើ​ល្មើសច្បាប់​កន្លងមក។

លោកឧត្តមសេនីយ៍ត្រី អៀង វាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងកាលពី ថ្ងៃពុធ​ ១រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​បានរកឃើញរថយន្តបាកុង​ចំនួន៦គ្រឿងនៅក្នុង​ទីតាំងភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុក​សេសាន ចំនួន៤គ្រឿង និងនៅភូមិច្រប់ ស្ថិតក្នុងឃុំក្បាល​រមាស ស្រុកសេសានចំនួន ២គ្រឿងហើយ​ត្រូវបានកម្លាំងចម្រុះធ្វើការដុតនិងកាត់​ជាកំណាត់ៗ​កម្ទេចចោល។

លោកអៀង វ៉ាន់ឌី បានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការ នេះកម្លាំងចម្រុះបានចុះដល់ទីតាំង និងបានរកឃើញរថយន្តបាកុងក្នុងទីតាំងពីរផ្សេងគ្នា ទី១ក្នុងភូមិស្រែគតថ្មីចំនួន ៤គ្រឿង និងគោលដៅទី២ នៅភូមិច្រប់ចំនួន២គ្រឿង ក្នុងថ្ងៃតែមួយ ហើយពេលនេះកម្លាំងចម្រុះ​កំពុងតែបន្តសកម្មភាពចុះរុករកបន្តទៀត នៅតាមទីតាំងផ្សេងៗដើម្បីឈានទៅរកការប្រមូល​រថយន្តល្មើសទាំងនោះ ដើម្បីសុំគោលការណ៍ពីថ្នាក់ដឹកនាំ ធ្វើការដុតកម្ទេចចោលនៅពេល​ក្រោយ។ ជាមួយគ្នានេះដែរគណៈកម្មការចម្រុះបានរកឃើញឈើល្មើសច្បាប់មួយចំនួនធំ ដែលគេដឹកយកមកទម្លាក់ចោល ក្បែរព្រៃនិងបានប្រគល់ឈើនេះឲ្យជំនាញ រឹបអូស​ចាត់ការ​តាមនីតិវិធីផងដែរ។

លោក អៀង វាន់ឌី បន្តថា កម្លាំងរបស់លោកបាននិងកំពុងបន្តទៅកាន់គោលដៅផ្សេងៗទៀត ទូទាំងខេត្តស្ទឹងត្រែង ដើម្បីរុកកររថយន្តល្មើសច្បាប់ទាំងនេះ មិនទុកឲ្យធ្វើសកម្មភាពនិង​បម្រើ​​ផលប្រយោជន៍ឲ្យឈ្មួញបំផ្លាញធនធានធម្មជាតិបន្តទៀតឡើយ។ យ៉ាងណាដូចការសន្យានៅ​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោកអៀង វាន់ឌី មេ​បញ្ជា​ការកង​រាជអាវុធហត្ថខេត្ត បានចុះធ្វើការស្រាវជ្រាវនិងរុករក រថយន្តកែឆ្នៃខុសបច្ចេក​ទេសជច្រើនគ្រឿងទៀត ជាពិសេសរថយន្តបាកុង នេះតែម្តងដែលក្រុមឈ្មួញទុកបម្រើការ​ដឹកជញ្ជូនឈើ នឹងបំផ្លាញធនធានធម្មជាតិ នៅក្នុងក្រុមហ៊ុន(សៀ ម៉ុន) ដែលស្ថិតក្នុងទឹកដី​ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here