ស្ទូចយានយន្តចតគ្មានសណ្តាប់ធ្នាប់ជាច្រើនគ្រឿងយកទៅអប់រំនិងព្រមាន

0
108

ខេត្តព្រះសីហនុ: ពេញមួយថ្ងៃព្រហស្បតិ៍ ២រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី​១៨ ខែកក្កដា ​ឆ្នាំ​២០១៩អាជ្ញាធរខេត្តព្រះសីហនុ បានបន្ដ​ប្រតិបត្តិការក្ដៅ ដោយចាប់យានយន្ដដែលចតតាមផ្លូវសាធារណៈគ្មានសណ្ដាប់ធ្នាប់ ជាច្រើន​គ្រឿងស្ទូចយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុ ដើម្បីហៅម្ចាស់មកអប់រំណែនាំ និងព្រមាន ។

មន្រ្តីនគរបាលចរាចរ ក្រុងព្រះសីហនុបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោម​បញ្ជាផ្ទាល់​ពី លោក គួច ចម្រើន អភិបាលខេត្តព្រះសីហនុ បន្ទាប់ពីបានពិនិត្យឃើញសព្វថ្ងៃនេះ នៅក្រុង​ព្រះសីហនុ ជាក្រុងមានអ្នកទេសចរណ៍ជាតិ អន្តរជាតិ ចេញចូលច្រើន ហើយមានការកកស្ទះ​ចរាចរណ៍ ដោយសារយានយន្តមួយចំនួនចតលើផ្លូវសាធារណៈគ្មានសណ្តាប់ធ្នាប់។ ដោយ ហេតុនេះហើយទើបធ្វើឲ្យអាជ្ញាធរមានវិធានការណ៍ក្តៅ ទប់ស្កាត់កុំឲ្យមានការកកស្ទះ​ចរាចរណ៍ ដោយសារចតយានយន្តគ្មានសណ្តាប់ធ្នាប់តទៅទៀត ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យានយន្ដសរុប ១៦គ្រឿង ក្នុងនោះរថយន្ដ ៥គ្រឿង ម៉ូតូ១០គ្រឿង និងរ៉ឺម៉កម៉ូតូ ១គ្រឿង។

ជុំវិញប្រតិបត្តិការនេះ លោក គួច ចម្រើន ធ្លាប់បានបញ្ជាក់ថា អាជ្ញាធររបស់លោកធ្វើឡើង​ក្នុងគោល​បំណង​ដើម្បីឲ្យយានយន្ដទាំងអស់នោះ ភ្ញាក់ស្មារតីឡើងវិញក្នុងការប្រើប្រាស់​ផ្លូវ​សាធារណ: ពិសេសការចតយានយន្តត្រូវតែមានសណ្ដាប់ធ្នាប់របៀបរៀបរយដើម្បីកាត់​បន្ថយការ​កកស្ទះចរាចរណ៍ក្នុងក្រុងទេសចរណ៍របស់យើងប៉ុណ្ណោះ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here