ប្រជាពលរដ្ឋកម្ទេចរោងកុងត្រូលក្រុមហ៊ុន​ចិន ដាក់​នៅតាម​ផ្លូវ​ចូល​​ទៅកាន់​ឆ្នេរ​កោះ​សំពោច​

0
123

​ខេត្តព្រះសីហនុ ៖ ជាងពីរថ្ងៃមកហើយគឺចាប់ពីរសៀល​ថ្ងៃទី​១៧​ ខែកក្កដា ឆ្នាំ ​២០១៩ មកដែល​ប្រជា​ពល​រដ្ឋ​​ច្រើន​នាក់នៅស្រុកព្រៃនប់​នាំគ្នា​តវ៉ា​ទាំងក្តៅក្រហាយនិងនាំគ្នា​រុះរើ​របាំង​(​រោង​កុងត្រូល​)​ដែល​ក្រុមហ៊ុន​ចិនមួយធ្វើដា​ក់នៅ​តាមចិញ្ចើមផ្លូវ​ចូលទៅ​កាន់​ឆ្នេរ​កោះ​សំពោច​ក្នុង​ឃុំ​រាម​ បង្កការរំខានការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងមើលទៅមិនសមទាល់តែសោះ ដោយមិនគួរណាជនជាតិចិនជាជនបរទេសហ៊ានធ្វើរោងកុងត្រួលប្រៀបបានជាសមត្ថកិច្ច ត្រួតពិនិត្យជាតិខ្មែរម្ចាស់ស្រុក។ មកដល់ពេលនេះ(ថ្ងៃ១៩កក្កដា២០១៩) អាជ្ញាធរមូលដ្ឋាន​មិនទាន់ដោះស្រាយ ចប់នៅឡើយ គ្រាដែលភាគីចិនតវ៉ាជាមួយអាជ្ញាធរមូលដ្ឋាន​បម្រុងធ្វើ​កុងត្រូលនេះឡើងវិញ ។

ប្រជាពលរដ្ឋរស់នៅខាងលើបានឲ្យដឹងថា  បានជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​ឈាន ដល់​រុះរើ​របាំង​កុងត្រូល​នេះ ដោយសារ​ពលរដ្ឋ​មាន កំហឹង​ជាមួយ​ខាង​ក្រុមហ៊ុន​ចិន ដែល​ដាក់​របាំង​កុងត្រូល​បង្ក​ផល​ពិបាក ដល់​ពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ប៉ែក​ខាងក្នុងធ្វើដំណើតតាមផ្លូវលំ ពេលចេញ​ចូល​ផ្ទះ​ម្តងៗ​ ជាពិសេសក្រុមហ៊ុនចិននេះគេអាចមានគម្រោងទារលុយ អ្នកចេញចូលតំបន់​ទេស​ចរ ឆ្នេរកោះសំពោច  ដែលមិនដឹងថា គេវិនិយោគតំបន់នេះឬយ៉ាងណាទេខណៈដែល​គេឃើញ​សរសេរ​លើប៉ាណូ​មួយផ្ទាំងធំថា​« ទីក្រុងថ្មីព្រះសីហនុ ឆ្នេរមាសឆ្នេរប្រាក់ »។

យ៉ាងណាក្រោយ​កើតហេតុ​នេះឡើងអាជ្ញាធរ​និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ត្រឹមចុះ​ទៅធ្វើ​អន្តរាគមន៍ និង​ទប់ស្កាត់​ការពារ​មិន​ឲ្យមាន​អំពើ​ហិ​ង្សា​ធ្ងន់ធ្ងរ ប៉ះពាល់​ដល់​ផ្លូវច្បាប់​ប៉ុណ្ណោះ ដោយទុកពេលឲ្យក្រុមហ៊ុនចិន និងអាជ្ញាធរស្រុក ដោះស្រាយគ្នាតាម​សន្តិវិធី ។

​បញ្ហា​នេះ​ភ្នាក់ងារកាសែតនគរវត្តមិនអាចសុំការបញ្ជាក់ពីលោក​អភិបាលស្រុកព្រៃនប់​បាន​ឡើយ កាលពីរសៀលថ្ងៃ ១៩ ខែ កក្កដា ឆ្នាំ ២០១៩នេះ ដោយរកលេខទូរស័ព្ទទាក់ទងមិន​បាន៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here