ស្ត្រីជនជាតិចិនម្នាក់ ត្រូវជនជាតិចិនដូចគ្នា៣នាក់ បាញ់សម្លាប់កណ្តាលក្រុងព្រះសីហនុ

0
115

ខេត្តព្រះសីហនុ៖  មានអំពើឃាតកម្មបាញ់សម្លាប់ស្ត្រីជនជាតិចិនម្នាក់កើតឡើងដោយជន​សង្ស័យ​​ជាជនជាតិចិនដូចគ្នា​មានគ្នាចំនួន៣នាក់មិនស្គាល់អត្តសញ្ញាណខណៈចាប់ជនរង​គ្រោះចូល​ក្នុង​រថយន្តតែជនរងគ្រោះមិនព្រមទៅក៏ផ្ទុះអាវុធតែម្តង ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃអង្គារ ៧ រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ  ។

តាមការបំភ្លឺពីសាក្សីដែលឃើញហេតុការណ៍ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ មានជន​សង្ស័យ៣នាក់ជិះរថយន្តមួយគ្រឿង បានធ្វើសកម្មភាពបាញ់ជនរងគ្រោះឈ្មោះ Zhang Dan ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូអ៊េសវី ផ្នែកនាំភ្ញៀវ មានទីលំនៅ​ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខណៈដែលជនរងគ្រោះ និងមិត្តភក្តិប្រុសឈ្មោះ Xiao LiZhi ជនជាតិចិនដូចគ្នា បានដើរចេញពីក្នុងកាស៊ីណូ អ៊េសវី (កន្លែងធ្វើការ) សំដៅទៅកន្លែងហាង​លក់ទំនិញមួយកន្លែង ឈ្មោះ គ័រជីអ៊ិហាវ។ ពេលដើរដល់ចំណុចផ្លូវបត់មួយកន្លែង ជិតដល់​ហាងកាហ្វេឈ្មោះ ៨៨១១ ក៏ឃើញមានរថយន្ត១គ្រឿងចតនៅទីនោះ។ បន្ទាប់មកស្រាប់​តែមានជនជាតិ២នាក់ ភេទប្រុស ចុះមកពីលើរថយន្តហើយបម្រុងចាប់អូសជនរងគ្រោះ និងមិត្តប្រុសចូលក្នុងរថយន្តដោយមិនដឹងមូលហេតុ តែពេលនោះជនរងគ្រោះបានរើបម្រះ ធ្វើឲ្យមានការផ្ទុះអាវុធត្រូវជនរងគ្រោះឈ្មោះ Zhang Dan ត្រង់កញ្ចឹងកខាងឆ្វេង សំដៅមក​គល់​ដោះខាងស្តាំ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។ បន្ទាប់មកក្រុមជន​សង្ស័យ​ទាំង៣​នាក់ បានជិះរថយន្តរត់គេចខ្លួនបាត់ស្រមោលភ្លាម​មួយរំពេច។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីមានអំពើឃាតកម្មនេះកើតឡើង មិត្តប្រុសរបស់ជនរងគ្រោះ ត្រូវបានហៅទៅសួរនាំនៅការិយាល័យ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ក្រុង​ព្រះសីហនុដើម្បីកម្លាំងជំនាញមានមូលដ្ឋាន សហការជាមួយជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here