សពមន្ដ្រីយោធាដែលធ្លាក់ចូលទឹកត្រូវបានមហាជនសោកស្តាយនិងចូលបុណ្យជាបន្តបន្ទាប់

0
108

ខេត្តស្ទឹងត្រែង៖   គ្រាដែលព័ត៌មាននៃគ្រោះអកុសលរបស់យុទ្ធជនខ្មែរពីររូបដែលជិះម៉ូតូ​ឌុប​គ្នាហើយត្រូវបាក់ដីស្ពានឈើធ្លាក់ចូលទឹកស្លាប់ទាំងពីរនាក់នោះ បានធ្វើឲ្យមហាជនមាន​ការអាណិតអាសូរចូលរួមរំលែកទុក្ខយ៉ាងខ្លាំងជាមួយគ្រួសារសពនិងខ្លះទៀតបានផ្តួចផ្តើមគំនិតគ្នារៃអង្គាសថវិកា ដើម្បីជួយដល់ក្រុមគ្រួសាររបស់យុទ្ធជនទាំងពីររូបនេះព្រោះ​តែយល់​ឃើញ​​ថាវីរភាពរបស់កងទ័ពវ័យក្មេងទាំងពីរនាក់នេះជាយុទ្ធជន ដែលពួកគេបានស្ម័គ្រ​ចិត្ត​ប្រឡងចូលបម្រើកងទ័ពនិងបានលះបង់សេចក្តីសុខរបស់ខ្លួនហ្វឹកហាត់ រស់នៅក្នុងព្រៃ ដើម្បីការពារមាតុភូមិ ។

តាមរយៈគ្រុបតេឡេក្រាម «CPP Win 125» បានបង្ហាញឲ្យឃើញមានសប្បុរសជនជាច្រើនបាន​ចូល រួមចំណែកចូលបុណ្យសពយុទ្ធជនទាំងពីរនាក់នូវថវិកាជាបន្តបន្ទាប់ ដែលនេះចាត់ទុកថា ជាការចូលរួមចំណែកកាត់បន្ថយការលំបាកដល់គ្រួសាសពផងដែរ ។

សូមបញ្ជាក់ថា សាកសពមន្រី្តយោធាពីរនាក់នេះ ត្រូវបានសមត្ថកិច្ចរកឃើញជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ដោយសាកសពអណ្ដែតទៅចម្ងាយប្រមាណ​១០គីឡូ​ម៉ែត្រ ពីកន្លែងកើតហេតុ ពោលនៅចំណុចខាងក្រោមកោះទន្សាយ ស្រុកសៀមប៉ាង។

លោកឧត្តមសេនីយ៍ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថាសព​មន្ដ្រី​យោធាម្នាក់ឈ្មោះ សុខ សុវណ្ណឌី ត្រូវបានប្រទះឃើញក្នុងរសៀលថ្ងៃតែមួយជាមួយសពម្នាក់​ទៀតឈ្មោះ ភីនី ដាលិ នៅចម្ងាយ៥០០​ម៉ែត្រពីសពដែលរកឃើញ​ដំបូង ឯម៉ូតូរកមិន​ឃើញ​ទេ។​សាកសពជនរងគ្រោះដែលរកឃើញដំបូង ត្រូវបានយក​ឡើងលើគោកហើយ ដោយមាន​ក្រុម​គ្រួសារ និងសមត្ថកិច្ចជំនាញធ្វើការពិនិត្យ។ ដោយឡែក សពជនរងគ្រោះទី២ ដែលជា​អ្នកឌុប​នោះភ្លាមៗ មិនទាន់យកឡើងលើគោកបានទេ ពោល​តម្រូវ ឲ្យដាក់ទូកអូស​សព​ចេញ​មកសិនដោយសារស្ថានភាពទីតាំងនោះមានការលំបាក។

លោកស្នងការបានបញ្ជាក់ផងដែរថា សពមន្ដ្រីយោធាទាំងពីរនាក់នេះជា មន្រ្តីយោធា ដែល​ឈរជើងការពារទឹកដីនៅតំបន់ព្រំដែនអូរអាឡៃ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលជា​កន្លែងអតីតទ័ពឡាវធ្លាប់ចូលកាន់កាប់ហើយត្រូវបានទឹកហូរកួចយកទៅបាត់នៅចំណុចខាងលើខណៈពួកគាត់កំពុងធ្វើដំណើរជិះម៉ូតូឌុបគ្នាទៅព្យាបាលជំងឺគ្រុនចាញ់កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។ ពួកគាត់បម្រើការងារក្នុងអង្គភាព កងអនុសេនាធំទី៣ វរសេនាតូច កាំភ្លើងធំ បញ្ជាការស្រាលយោធភូមិភាគទី១ ប្រចាំការនៅភូមិសាស្ត្រអូរអាឡៃ។ យុទ្ធជនទាំងពីររូបជាកងទ័ព ដែលទើបនឹងប្រឡងជាប់ចូលបម្រើកងទ័ព កាលពីឆ្នាំ២០១៨។

យោងតាមមន្ដ្រីយោធា នៃយោធភូមិភាគទី១ ជនរងគ្រោះឈ្មោះ ភីនី ដាលិ មានតួនាទីជា នាយក្រុមស៊ើបការណ៍ មានស្រុកកំណើតនៅផ្សារតានី ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត និងម្នាក់ទៀតឈ្មោះ សុខ សុវណ្ណឌី មានស្រុកកំណើតនៅភូមិកោះតាកូវ ឃុំឫស្សីស្រុក​កំពង់ត្រាច ខេត្តកំពត ។

សាកសពយុទ្ធជនទាំងពីរនាក់ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចបានប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលបំផុត ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here