ក្មេងប្រុស៣នាក់រត់តាមរថយន្តដង្ហែសពរើសលុយ កប់ភក់មួយយប់ទើបរកឃើញ

0
143

ខេត្តព្រះសីហនុ ៖​ ក្មេង​ប្រុស​តូច​ៗ​អាយុចន្លោះ៧-៨ឆ្នាំ ចំនួន៣នាក់ត្រូវ​បានក្រុមគ្រួសារ និង​សមត្ថកិច្ចសង្គ្រោះជីវិតពីការជាប់កប់នៅក្នុងភក់​អស់មួយយប់ នៅក្បែរផែប្រេងកំពេញ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ គ្រាដែលពួកគេវង្វេងផ្ទះ ហើយចុះទៅលេងភក់ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកស្ទឹងហាវបានឲ្យដឹងថាក្មេងតូចៗទាំង៣នាក់នេះបានបាត់ខ្លួនពីផ្ទះ​ក្នុង អំឡុងម៉ោង៥និង៣០នាទីល្ងាច ថ្ងៃសៅរ៍ ១១រោចខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃ២៧កក្កដា២០១៩ រហូត​ព្រឹកឡើងថ្ងៃទី២៨ខែកក្កដា ទើបក្រុមសាច់​ញាតិ​​និងអ្នក​ភូមិស្វែងរកឃើញរួចនាំគ្នាលាងភក់រួច​យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា​ ក្មេងប្រុសតូចៗ៣នាក់នេះ​ ជាបងប្អូនជីដូន​មួយ​នឹងគ្នា រស់នៅឃុំទំនប់រលកស្រុកស្ទឹងហាវខេត្តព្រះសីហនុ បានបាត់ខ្លួនចេញពីផ្ទះ តាំងពី​ម៉ោង៥កន្លះល្ងាចថ្ងៃ២៧កក្កដា២០១៩ ។ ពួកគេត្រូវ សាច់ញាតិក៍ដូចជាអ្នកភូមិបានដើរ​ស្វែងរកពេញមួយយប់ រហូតដល់​ព្រឹកថ្ងៃ២៨កក្កដា២០១៩នេះទើបក្រុមគ្រួសារសាច់​ញាតិ​បានស្វែងរកឃើញ កប់ភក់រណ្តៅដីនៅក្បែរផែប្រេងកំពេញស្រុកស្ទឹងហាវ និងថាជាសំណាងបំផុតដែលក្មេង​ ទាំង៣នាក់នេះនៅមានជីវិត ដោយគ្រាន់តែមាន​អាការៈ​ ហត់ហេវ ហើយបច្ចុប្បន្នសាច់ញាតិបាននាំទៅរកការ​សង្គ្រោះបន្តហើយ។

លោកវរសេនីយ៍ត្រីរស់ កី​ អធិការនគរ​ បាល​ស្រុកស្ទឹងហាវបានប្រាប់ឲ្យដឹងថា​ ក្មេងៗទាំង៣​នាក់នេះនៅល្ងាចថ្ងៃកើតហេតុពួកគេរត់តាមរថយន្តដង្ហែសពទៅកាន់វត្តពោធិមានជយ័ ដើម្បី​រើសលុយដែលគេបាចតាមរថយន្ត​ ដង្ហែសព ។

លោកបន្តថា​ ក្រោយ​មកក្មេងៗទាំង៣​នាក់​បាននាំគ្នាទៅលេងភក់ក្នុងរណ្តៅកាយដី​មួយ​កន្លែង​នៅជិតវត្តពោធិមានជយ័ បណ្តាលឲ្យជាប់នៅក្នុងល្បាប់ភក់នោះចេញមិនរួច ហើយ​ដោយ​សារ តែពេលនោះយប់មិនមានមនុស្សចាស់ដើរឆ្លងកាត់ឃើញ ទើបធ្វើឲ្យក្មេង​ ទាំង៣​នាក់ជាប់​នៅក្នុងល្បាប់ភក់នេះពេញមួយយប់ ទម្រាំដល់សាច់ញាតិរកឃើញ​យកទៅ​សង្គ្រោះជីវិត​ ៕​ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here