លោកជំទប់ឃុំត្រពាំងជោរ ទះកំផ្លៀងនារីខារ៉ាអូខេរួចជិះរថយន្តទៅបាត់ខឹងរឿងសួរថែមស្រាបៀរឬអត់?

0
108

ខេត្តកំពង់ស្ពឺៈ នារីបម្រើការងារហាងខារ៉ាអូខេម្នាក់ កើតទុក្ខមិនសុខចិត្ត រត់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍អមលាំង ខេត្តកំពង់ស្ពឺ ឲ្យជួយរកយុត្តិធម៌ បន្ទាប់ពីបុរសម្នាក់ ជាជំទប់ទី១ ឃុំត្រពាំងជោរ បានប្រើអំពើហិង្សា ទះកំផ្លៀងនាង គ្រាន់តែសួរត្រូវការថែមស្រាបៀរអត់។

ហេតុការណ៍ទះកំផ្លៀងស្រ្តីខារ៉ាអូខេនេះកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅហាងខារាអូខេ “អូរពន្លៅ ហេងហេង  KTV” មានទីតាំងនៅតាមផ្លូវជាតិ៤៤ ភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមបណ្តឹងត្រូវបានគេស្គាល់ថា ជនបង្កមានឈ្មោះ សន សឹម អាយុជាង៣០ឆ្នាំ ដែលគេស្គាល់ច្បាស់ថា ជាជំទប់ទី១ ឃុំត្រពាំងជោរ ។ ចំណែកដើមបណ្តឹង ជានារីរងគ្រោះឈ្មោះ ស ស អ អាយុ២៧ឆ្នាំ បម្រើការងារនៅក្នុងខារាអូខេយីហោ “អូរពន្លៅ ហេងហេង” មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងភូមិអូរដង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

នារីរងគ្រោះ បានឲ្យដឹងថា នៅវេលាម៉ោង៧យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ជនដៃដល់ជាជំទប់ទី១ ឃុំត្រពាំងជោរ រួមជាមួយបក្ខពួក សរុប៤នាក់ ជិះរថយន្តឡិចស៊ីស៤៥០ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AM-1069 រថយន្តរបស់លោក សន សឹម បានចូលទៅផឹកស៊ីនៅក្នុងហាងខារាអូខេខាងលើ បន្ទប់លេខ៧។ ពេលទៅដល់ ក៏បានហៅស្រាបៀរមកផឹកក្នុងមួយឈុតតម្លៃ២៦ម៉ឺនរៀល ហើយបានហៅនារីៗចំនួន៤នាក់ អង្គុយកំដរ ដើម្បីបង្កើនការសប្បាយ ការហូបចុកច្រៀងរាំបន្តរហូតដល់ម៉ោងប្រហែល៨និង៣០នាទីយប់ដដែលរហូត អស់ស្រាបៀរផឹក។ពេលនោះនាងក៏បានសួរនាំទៅកាន់ភ្ញៀវ(បុរសជាជនដៃដល់ជំទប់ទី១)ថា បងថែមស្រាបៀរទៀតទេ ដោយឃើញស្រាបៀរអស់ម្តងជាពីរដង ស្រាប់តែលោក សន សឹម បានស្ទុះទៅទះកំភ្លៀងនារីរងគ្រោះខាងលើ ដែលកំពុងតែអង្គុយកំដរមិត្តភក្តិរបស់គេនោះ ហើយក៏មានការភ្ញាក់ផ្អើលតែម្តង។ ភ្លាមៗនោះលោកជំទប់ទី១ ឃុំត្រពាំងជោរូបនោះ បានហៅឲ្យគិតលុយអស់ចំនួន២៦ម៉ឺនរៀល ហើយបានឡើងជិះរថយន្ត គេចខ្លួនបាត់ស្រមោលតែម្តង ។

តាមនារីរងគ្រោះដដែល និយាយបន្តថា ភ្លាមៗនោះថៅកែរបស់នាង បានពឹងអ្នកជិតខាងឲ្យជូននាងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំងទាំងយប់ ដើម្បីឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ដល់នាង ទាំងនាងគ្មានកំហុសទាល់តែសោះ ហើយម្យ៉ាងទៀតនាងជានារីភេទទន់ខ្សោយ។ មិនតែប៉ុណ្ណោះលោក សន សឹម មានតួនាទីជាជំទប់ទី១ ឃុំត្រពាំងជោ និងជាអ្នកចេះដឹងចេះច្បាប់ទម្លាប់ប្រជាពលរដ្ឋក្នុងភូមិចំនួន២៩ ក្នុងឃុំត្រពាំងជោ មិនក្រោម២ម៉ឺននាក់ឡើយ ដែលស្គាល់រូបលោក សន សឹម នោះ ហេតុអ្វីបានជាមកធ្វើបាបនាងបែបនេះទៅវិញ ដោយមិនសុខចិត្តនេះហើយទើបប្តឹងទាមទារសំណងជំងឺចិត្ត។

ដោយឡែកអ្នកស្រីព្រំ ដានី អាយុ៣៧ឆ្នាំ  ជាថៅកែហាងខារាអូខេខាងលើ បានឲ្យដឹងថាក្នុងនាមអ្នកស្រីតែងតែការពារបុគ្គលិករបស់ខ្លួន​ បើទោះបីអ្នកនោះមានអំណាចបុណ្យស័ក្តិធំប៉ុណ្ណាក៏ដោយ អ្នកស្រីត្រូវតែការពារជានិច្ច អ្នកស្រីសង្ឃឹមលើនគរបាលស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងជាពិសេសតុលាការខេត្តកំពង់ស្ពឺ និងជួយរកយុត្តិធម៌ដល់នារីរងគ្រោះជាក់ជាមិនខានឡើយ បើទោះបីជាជនដៃដល់ ជាជំទប់ទី១ ឃុំត្រពាំងជោរ ក៏ដោយ ការបង្កហិង្សាមកលើនារីរងគ្រោះទន់ខ្សោយនោះ៕ សំបូរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here