តូចចិត្តឪពុកម្តាយស្តីបន្ទោស រឿងទៅរៀនចេះតែគេចសាលាចងកសម្លាប់ខ្លួន​

0
191

ពោធិ៍សាត់៖ យុវជនម្នាក់តូចចិត្តឪពុកម្តាយស្តីបន្ទោស រឿងទៅរៀនចេះតែគេចមិនចូល​សាលារហូត បានសម្រេចចិត្តបញ្ចប់ជីវិត ដោយចង-ក ជាមួយខ្សែគោជាប់នឹងធ្នឹម​បន្ទប់ទឹក​ក្រោមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ទឹក​ក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក ឯម រុន​ អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសដែលតូចចិត្តឪពុកម្តាយ​ស្តីបន្ទោស រឿងទៅរៀនចេះតែគេចមិនចូល​សាលារហូត មានឈ្មោះ លឹម សៀងលី ភេទប្រុស​ អាយុ១៦ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី១០ មានឪពុកឈ្មោះ រ៉ែម ណាត អាយុ៤៨ឆ្នាំ មុខរបរជាគ្រូបង្រៀន មានម្តាយឈ្មោះ កៃ សុខ អាយុ៤៦ឆ្នាំ មុខរបរជាគ្រូបង្រៀន។

លោកអធិការបានបន្តថា «នៅរសៀលថ្ងៃទី២១ ជនរងគ្រោះបានមក​ដល់ផ្ទះ ពេលដាក់កាបូបចុះ ឪពុកម្តាយបានសួរថា ទើបតែមកពីណា យ៉ាងម៉េចបានមិន​ទៅរៀន រួចក៏ដើរចេញទៅបាត់»។ នេះបើតាមម្តាយជនរងគ្រោះបានឆ្លើយប្រាប់​សមត្ថកិច្ចទាំងទឹកភ្នែក ពេលប្រទះឃើញ​កូនរបស់គាត់ចង-​កសម្លាប់ខ្លួន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យនៅនឹងកន្លែងកើតហេតុ  រួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជា​បានធ្វើអត្តឃាតខ្លួនឯង ជាមួយខ្សែគោជាប់​នឹងធ្នឹមបន្ទប់ទឹកក្រោមផ្ទះ ដោយសារតែឪពុកម្តាយស្តី​បន្ទោសរឿងទៅរៀនចេះតែគេចសាលា ពិតប្រាកដមែន។

បច្ចុប្បន្នសាកសព​ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់​ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here