វែកមុខឃាតកបាញ់សម្លាប់គ្រូបង្រៀន គឺជាប្រពន្ធរបស់សពផ្ទាល់កំពុងគេចខ្លួន

0
108

ភ្នំពេញ៖ សមរ្ថកិច្ចបានបំបែកសំណុំរឿងឃាតកម្មបាញ់សម្លាប់គ្រូបង្រៀនម្នាក់ ដែលកំពុងជិះម៉ូតូតាមផ្លូវនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានហើយ ដោយនៅពេលនេះ កម្លាំងសមត្ថកិច្ចចាប់ខ្លួនបានអ្នករៀបចំផែនការហើយ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ ដែលជាប្រពន្ធរបស់ជនរងគ្រោះ ខណៈដែលខ្មាន់កាំភ្លើងកំពុងរត់គេចខ្លួន។

មន្ដ្រីនគរបាលខណ្ឌសែនសុខ បានប្រាប់ឲ្យដឹងថា ស្ដ្រីដែលជាអ្នករៀបចំផែនការបាញ់សម្លាប់ប្ដី ឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ី ហ៊ន អាយុ២៦ឆ្នាំ គ្មានមុខរបរ ស្នាក់នៅជាមួយប្តី (សពឈ្មោះ រឿន រតនា) ជាគ្រូបង្រៀន នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្បែរកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ត្រូវចាប់ខ្លួនបន្ទាប់ពីកម្លាំងនគរបាលជំនាញ បានធ្វើការស៊ើបសួរស្រាវជ្រាវអ្នកជិតខាង រួមទាំងសាច់ញាតិខាងជនរងគ្រោះ (សព) បានដឹងតម្រុយថា កន្លងមកជនសង្ស័យជាប្រពន្ធ រស់នៅមិនចុះសម្រុងជាមួយប្តី ហើយនៅពេលហៅមកសាកសួរ ដេញដោលជាច្រើន មានចំណុចគួរឲ្យសង្ស័យ។

ដើមឡើយជនសង្ស័យ បានប្រាប់សមត្ថកិច្ច ជនរងគ្រោះមកពីផ្ទះមិត្តភក្តិស្រី នៅព្រែកលៀប ប៉ុន្តែបងប្អូនខាងជនរងគ្រោះថា ជនរងគ្រោះទៅធ្វើបុណ្យ នៅឯស្រុកកំណើតភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលទៅវិញ ប៉ុន្ដែចុងក្រោយជនសង្ស័យជាប្រពន្ធ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនជាអ្នករៀបចំផែនការបាញ់សម្លាប់ប្តី ក៏ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា។

ស្រ្តីដែលរៀបចំផែនការបាញ់សម្លាប់ប្តីបានបញ្ជាក់ថាកន្លងមកប្តីតែងតែមានទំនាស់ជាមួយខ្លួនរស់នៅមិនចុះសម្រុងគ្នានិងធ្លាប់មានទំនាស់ពាក្យសំដីជាមួយបុរសផ្សេងម្នាក់ទៀតដែលនាងធ្លាប់ស្គាល់។ ទើបថ្ងៃទី២៥សីហា ឆ្នាំ២០១៩នាងបានទូរសព្ទ័ជួបបុរសម្នាក់នាងធ្លាប់ស្គាល់នោះរៀបចំផែនការបាញ់សម្លាប់ប្តីតែម្តង។

លុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈដែលប្តីបានទៅបុណ្យនៅឯស្រុកកំណើត ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខ្លូនក៏បានទូរស័ព្ទឲ្យខ្មាន់កាំភ្លើង ត្រៀមរៀបចំខ្លួនធ្វើសកម្មភាព ដោយខ្លួនបានទូរស័ព្ទបង្ខំប្តីឲ្យប្រញាប់មកផ្ទះ ហើយប្តីបានប្រាប់ថា ម៉ោង១១យប់ទៅដល់ហើយ នៅពេលនោះជនសង្ស័យបានទូរស័ព្ទឲ្យបក្ខពួក ចាំផ្លូវលុះពេលជនរងគ្រោះ មកដល់កន្លែងស្ងាត់ជិតមណ្ឌលឱកាសខ្ញុំ ក៏បាញ់សម្លាប់តែម្តងរួចជិះគេចខ្លួន ដោយក្រោយពេលបាញ់សម្លាប់រួចបក្ខពួក បានទូរស័ព្ទមកប្រាប់ថា បាញ់សម្លាប់បានសម្រេចហើយ រួចបិទទូរស័ព្ទ និងគេចខ្លួនបាត់រហូតមកដល់ពេលនេះ ៕  អូន  ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here