


ភ្នំពេញ ៖ គួរឲ្យអាណិតអាសូរបុរស៣នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន វ៉ាក់អឺនឹងរថយន្តLexus 300កំពុងធ្វើដំណើរឆ្លងផ្លូវត្រូវម៉ូតូគេចមិនផុតទៅ ទាក់ដៃចង្កូតនិងរថយន្តដួលបោកក្បាលនិងថ្នល់បណ្តាលអោយបុរសម្នាក់ស្លាប់២នាក់រងរបួសធ្ងន់ស្រាល រួមនឹងអ្នកធ្វើដំណើរតាមផ្លូវម្នាក់ទៀតរងរបួសស្រាល។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមនៅបណ្តោយផ្លូវវេងស្រេង ខាងលិចផ្សារឯករាជ្យ៣០ម៉ែត្រ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ ធី ចន្ធូ អាយុ១៩ ឆ្នាំមុខរបរជាង ម៉ូទ័រ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ មានស្រុកកំណើតនៅភូមិគងជ័យ ឃុំគងជ័យស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំនិងអ្នករួមដំណើរ២នាក់ទៀតមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។ដោយជិះម៉ូតូម៉ាកហុងដា សេ១២៥ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ចាម 1D-5808។ ចំណែកឯរថយន្តបង្កហេតុម៉ាក Lexus 300 មិនចាំស្លាកលេខ រត់គេចខ្លួនបាត់ស្រមោលសូន្យឈឹង។
តាមប្រភពពត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងមានគ្នា៣នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន។ដោយឡែករថយន្តបង្កហេតុធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងឆ្លងផ្លូវជាហេតុធ្វើអោយម៉ូតូជនរងគ្រោះ វ៉ាក់អឺចាប់ហ្វ្រាំងមិនទាន់ គេចក៏មិនផុតទៅទាក់ដៃចង្កូតនិងរថយន្តបណ្តាលអោយដួលអូសនិងថ្នល់បោកក្បាលស្លាប់ម្នាក់ និងអ្នករួមដំណើរ២នាក់ទៀតរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ហើយម៉ូតូរងគ្រោះបានខ្ទាចទៅប៉ះម៉ូតូមួយគ្រឿងទៀតរងរបួសស្រាលម្នាក់។
ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ត្រូវបានរថយន្តក្លីនិកឯកជន មកដឹកទៅព្យាបាល ខណៈដែលសមត្ថកិច្ចកំពុងធ្វើការ និងរៀបចំសពនោះមានបុរសដែលមកមើលហេតុការណ៍ទាស់ចិត្តនឹងអ្នកបើកបររថយន្តដឹកសពយកថ្លៃពេកឈ្លោះនិងវាយតប់គ្នាមួយប្រ៉ាវអោយប្រជាពលរដ្ឋដែលឃើញហេតុការណ៍មើលលេង។
បច្ចុប្បន្ននេះសាកសពនេះត្រូវបាននគរបាលមូលដ្ឋានធ្វើឯកសារប្រគល់អោយសាច់ញាតិបងប្អូនជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕សិរសា