ដណ្តើមម៉ូយគ្នាជិះរថយន្តចាក់ស្លាប់ម្នាក់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត

0
103

ខេត្តបន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ពី​ជន​ដៃដល់​ម្នាក់​ចាក់​ឲ្យ​របួសធ្ងន់​រឿង​ដណ្តើម​ភ្ញៀវ​គ្នា​ជិះរថយន្តនៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែលករណីនេះបង្ក​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​ម៉ោង​ជិត​១២​ថ្ងៃត្រង់ថ្ងៃ សុក្រ ៧រោច ខែភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ២០១៩ ។

មន្រ្តីនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ ឈុ​ន អៀង ហៅ​ស អាយុ​៥១​ឆ្នាំ ជា​អ្នក​រស់នៅភូមិ​អង្គរ​ជ័យ​ឃុំ​ត្រឡប់ ស្រុក និង​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្នស្នាក់​នៅ​ភូមិ​និង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ចាក់ និង​កាំបិត​ចិតបន្លែ​ចំ​ទ្រូង​ក្រោម​ដោះ​ខាងឆ្វេង​១​កាំបិត បណ្តាល​ឲ្យ​របួសធ្ងន់ និង​ស្លាប់​ពេល​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

ក្រោយកើតហេតុភ្លាម ជនសង្ស័យជាជន​ដៃដល់​ត្រូវ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់ខ្លួន​បាន​ ។

ប្រភពដដែលឲ្យដឹងទៀត​ថា ករណីនេះបណ្តាល​មក​ពី​ភាគីទាំងពីរដណ្តើម​ចាប់ម៉ូយភ្ញៀវ​ជិះរថយន្ត ដោយជនសង្ស័យ​ជា អ្នក​ចាប់​ម៉ូយ​ឲ្យ​ក្រុមហ៊ុនដឹកជញ្ជូន ​វរៈ​ប៊ុ​ន​ថាំ​ ដឹក​អ្នកដំណើរ​ទៅកាន់​ទឹកដី​ថៃ ឯ​ជន​រង​គ្រោះជា​អ្នក​ចាប់​ម៉ូយ​ឲ្យ​មួយទៀត​លើ​ដី​ថៃ​ដូច​គ្នា ។

គួរ​បញ្ជាក់​ថា ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ពិសេស​ចាប់ពី​ចំណុច​ក្បែរ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​ទៅ​ដល់​ចំណុច​បែបបទ​ចេញដំណើរ Departure pass កន្លង​មក​ក៏​ដូច​ជា បច្ចុប្បន្ន​សំបូរ​ទៅ​ដោយ​ក្រុម​អ្នក​ចាប់​ដណ្តើម​ភ្ញៀវណាស់ ដោយ​ខ្លះដើម្បី​សរសេរ​ឯកសារ​ខ្លះទៀត ដើម្បី​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​លើ​ដី​ថៃ ។

ក្រៅពី​នេះ​ចំណុច​ខាងលើ​ពពាក់ពពូន​ទៅ​ដោយ​អ្នកលក់​កាត​ទូរ​ស័​ព​ប្តូរ​ប្រាក់​យ៉ាង​អនាធិបតេយ្យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here