នគរបាលខណ្ឌឫស្សីកែវឃាត់ជនសង្ស័យ២នាក់លួចទូរស័ព្ទដៃ៣គ្រឿងក្នុងរថយន្ត

0
99

ភ្នំពេញ៖ជនសង្ស័យចំនួន 2 នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវសហការជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែ1បានធ្វើការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗបន្ទាប់ពីបានធ្វើសកម្មភាពលួចទូរស័ព្ទដៃចំនួន 3 គ្រឿងពីក្នុងរថយន្ត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 12 និង 00 នាទីថ្ងៃទី 24 ខែកញ្ញាឆ្នាំ 2019 ត្រង់ចំណុចផ្លូវ 70 ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង 2 នាក់ដែលបានធ្វើសកម្មភាពលួចទូរស័ព្ទដៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះចន្ថា ពងទា ភេទប្រុស អាយុ 32 ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាក់ទូក សង្កាត់ទួលសង្កែ 1 ខណ្ឌឬស្សីកែវ។ទី 2 ឈ្មោះសេង មករា ភេទប្រុស អាយុ 29 ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបាក់ទូក សង្កាត់ទួលសង្កែ 1 ខណ្ឌឬស្សីកែវ។ចំណែកជនរងគ្រោះឈ្មោះពីទរ័ ន្ញីន ភេទប្រុស អាយុ58ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅ 70 ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចបានបន្តប្រាប់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្តមួយគ្រឿងម៉ាករ៉េងរ៉ូវើពណ៌ស ពាក់ស្លាកលេខភ្នំពេញ2V-0027បានធ្វើដំណើរចេញពីផ្សារថ្មីឆ្ពោះមកកាន់ការ៉ាស់ឡាននៅម្ដុំផ្លូវ 70 ពេលនោះជនរងគ្រោះបានឈប់ឡាននៅចំណុចកើតហេតុខាងលើដើម្បីចុះទិញកាតទូរសព្ទដោយទុកទូរស័ព្ទក្នុងរថយន្តចំនួន 3 គ្រឿងហើយបានចុះទៅទិញកាតទូរស័ព្ទដោយពុំបានឡុកសោរថយន្តនោះទេ ភ្លាមនោះស្រាប់តែមានជនសង្ស័យចំនួន 2 នាក់បានធ្វើសកម្មភាពបើកទ្វាររថយន្តលួចទូរសព្ទរបស់ជនរងគ្រោះបានសម្រេចហើយរត់គេចខ្លួន ពេលនោះជនរងគ្រោះឃើញទាន់បានស្រែកឆោឡោថាចោរចោរផ្អើលដល់សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវកំពុងល្បាតនៅក្នុងមូលដ្ឋានចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្ដង។

ក្រោយកើតហេតុជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវនាំខ្លួនមកកាន់នគរបាលប៉ុស្តិ៍ទួលសង្កែដើម្បីធ្វើការសាកសួរកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕  នូសុភ័ក្រ

LEAVE A REPLY

Please enter your comment!
Please enter your name here