សមត្ថកិច្ចនិងមន្រ្តីជំនាញបង្រ្កាបការជួញដូរសត្វព្រៃ នៅផ្ទះមួយកន្លែងក្នុងស្រុកលើកដែក ខេត្តកណ្តាល

0
99

ខេត្តកណ្ដាល៖ សមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថស្រុកលើកដែក សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបបទល្មើសសត្វព្រៃមួយករណី ដោយរឹបអូសសត្វព្រៃជាច្រើនគីឡូក្រាមនិងខាត់ម្ចាស់ផ្ទះម្នាក់ ។

ប្រតិបត្តិការនេះប្រព្រឹត្តទៅ នៅរសៀល ថ្ងៃ សុក្រ ១៣កើត ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅផ្ទះលក់ផលនេសាទ ដែលមានម្ចាស់ឈ្មោះ វ៉ាន់ ថន ភេទប្រុស អាយុ៥៦ឆ្នាំ ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានឃត់ខ្លួន ។

លោកអនុសេនីយ៍ឯក នូវ សាវឿន មេបញ្ជាការរងកងរាជអាវុធហត្ថស្រុក បានឲ្យដឹងថា ការចុះអន្តរាគមន៍នេះ កម្លាំងរបស់លោកបានសហការជាមួយ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ ដែលមានសមាសភាពរួមមាន៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILD LIFE ALLIANCE), កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងផ្នែករដ្ឋបាលព្រៃឈើកណ្ដាល ហើយជាលទ្ធផលធ្វើការឆែកឆេរនៅចំណុចផ្ទះខាងលើ និងចាប់យកវត្ថុតាងរួមមាន៖ ពស់វែកក្របីរស់ ០១ក្បាល ទម្ងន់២.៤០kg ពស់ក្រាយរស់ ១ក្បាល ទម្ងន់ ១kg អណ្ដើករស់ ៨ក្បាល ទម្ងន់ ៤.២០kg ចាបដង្កូវ ងាប់ ៤៥៣ក្បាល  លលកតូច ងាប់ ៨៦ក្បាល និងកុកគ្រោងតូច ងាប់ចំនួន ២២ក្បាល។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ ត្រូវបានដកហូតប្រគល់ជូនក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ យកទៅរក្សាទុកដើម្បីកម្ទេចចោល និងចាត់ការតាមនិតិវិធី ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here