ស្រ្តីទេសចរជនជាតិស្វីសដើរវង្វេងក្នុងព្រៃកោះរ៉ុងជាង១ម៉ោងទើបរកឃើញ

0
97

ខេត្តព្រះសីហនុ: ស្រ្តីជនជាតិស្វីសជាអ្នកទេសចរណ៍ម្នាក់បានដើវង្វេងក្នុងកោះរ៉ុងអស់ជាងមួយម៉ោង ទើបសមត្ថកិច្ចនិងភ្ញៀវទេសចរនៅទីនោះព្យាយាមស្វែងរកឃើញយកមកកាន់ទីសុវត្ថិភាពវិញ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃ ពុធ ៣រោច ខែអស្សុជ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០១៩ ស្ថិតនៅក្នុងព្រៃភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

មន្ត្រីនគរបាលក្រុងកោះរ៉ុងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ Honegger Jill ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិស្វីស ជាអ្នកទេសចរណ៍ ។ មុនពេលកើតហេតុក្នុងអំលុងម៉ោងជាង៧យប់ អ្នកទេសចររូបនេះបានទៅកម្សាន្តនៅលើកោះរ៉ុង ជាមួយមិត្តភក្តិ៣-៤ នាក់ ។ លុះទៅដល់ទីនោះពួកគេនាំគ្នាដើរកម្សាន្តលើកោះរ៉ុងដែលមានព្រៃក្រាស់ ហើយក្រោយមកស្រាប់តែជនរងគ្រោះដើរឆ្ងាយពីមិត្តភក្តិបណ្តាលឲ្យវង្វេងតែម្តង ព្រោះជាកន្លែងងឹតមិនសូវមានពន្លឺ ។

ក្រោយមក ដោយទទួលបានព័ត៌មាននេះ កម្លាំងនគរបាលទេសចរណ៏ ការិយាល័យកណ្តាលសន្តិសុខ សហការជាមួយ នគរបាលប៉ុស្តិ៍រដ្ឋបាលកោះរ៉ុងសន្លឹម ប្រជាពលរដ្ឋ រួមទាំងជនបរទេសនៅតំបន់នោះ ចុះដើរស្វែងរក រហូត ឃើញជនរងគ្រោះ នៅក្នុងព្រៃជិតឆ្នេរឡងប៊ិច កាលពីវេលាម៉ោង៨ និង ៣៥នាទីយប់ ថ្ងៃដដែលដោយជំនាយពេលជាងមួយម៉ោង ។ បន្ទាប់មកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់ទីស្នាក់នៅបឹងហ្គាឡូ យីហោ Sky Bar ស្ថិតសង្កាត់កោះរ៉ុងសន្លឹមប្រកបដោយសុវត្ថិភាពដើម្បីជួបជុំមិត្តភក្តិវិញ ៕ សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here