កណ្ដាល៖កុមារីម្នាក់ អាយុ៧ឆ្នាំរងរបួសធ្ងន់ដោយសារ យុវជនម្នាក់ជិះម៉ូតូ ល្បឿនលឿន ហើយមិនប្រយ័ត្ន បានជ្រុលទៅបុកទាំងកំរោលកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវខេត្ត៣៨០ ចំណុចភូមិព្រែកក្របៅទី០៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
កុមារីរងគ្រោះមានឈ្មោះពិសាល គីមហេង ភេទស្រី អាយុ ៧ឆ្នាំ នៅភូមិ ព្រែកក្របៅទី០២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ដោយជនបង្កឈ្មោះ គង់ សាប៊ុន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិ០៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ក្រុងភ្នំពេញ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ១គ្រឿងម៉ាក HONDAC125ពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំភេញ 1GE-2257 បើកបរដោយយុវជនម្នាក់ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកកុមារីជាជនរងគ្រោះ ពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់ផុងថ្ងាស រងរបួសធ្ងន់ ហើយត្រូវបាន ក្រុមគ្រួសារ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ រីជនបង្កត្រូវ បានសមត្ថកិច្ចនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីដោះស្រាយតាមច្បាប់ ៕ សំបូរ
