រងការរិះគន់ពីមហាជន រដ្ឋបាលព្រៃឈើសៀមរាបប្រគេនឈើដែលចាប់បានពីវត្ត​ប្រាសាទ​អធ្វារ ដល់ព្រះសង្ឃវិញ

0
96

ខេត្តសៀមរាប ៖ ​​ទីបំផុតខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​សម្រេច​យក​ឈើអាររួចជាស្រេចមួយរថយន្តធំដែល​រឹបអូស​ទាំង​កណ្ដាលអធ្រាត្រ​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ យកទៅ​ប្រគេន​ព្រះសង្ឃនៅ​វត្ត​ប្រាសាទ​អធ្វារ​វិញ បន្ទាប់​ពី​មានការ​រិះគន់​តាម​បណ្ដាញសារព័ត៌មាន និង​បណ្ដាញ​សង្គម​មួយ​ចំនួន​កន្លង​ទៅ​ថ្មី​ៗ​នេះយ៉ាងចាស់ដៃ  ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរវត្តខាងលើបានឲ្យដឹងថា នា​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ២០១៩ លោក ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ដឹកនាំ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើនាំ​យក​ឈើមួយរថយន្តធំ​ ដែល​បាន​រឹបអូស​កាលពី​យប់​ថ្ងៃមុន ទៅ​ប្រគេន​ព្រះសង្ឃ​វត្ត​ប្រា​សាទ​អធ្វារ​វិញ និង​បាន​ចូលរួម​បច្ច័យ​ជា​ថវិកា​ចំនួន​១​លាន​រៀលបន្ថែមទៀត ដើម្បី​រួមចំណែក​កសាង​វត្ត​នេះផង​ដែរ ។

លោក ទា គឹ​ម​សុទ្ធ បាន​ថ្លែងថា ការ​ប្រគេន​ឈើអាររួចដល់​ព្រះសង្ឃ​វិញ​នេះ គឺ​ធ្វើឡើង​តាម​អនុសាសន៍​ណែនាំ​របស់​លោក វេ​ង សា​ខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ និង​លោក​អភិបាល​ខេត្តសៀមរាប ។

ចំពោះការរឹបអូសឈើនាពេលកន្លងមកនេះគឺប្រព្រឹត្តទៅកាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រមាណ​១០​និង​២៦​នាទី​យប់ ស្ថិត​ក្នុងភូមិ​ក្រសាំង​រលើង សង្កាត់​សៀមរាប ក្រុង​សៀមរាប ត្រូវបានលោក ទា គឹ​ម​សុទ្ធ បញ្ជាក់​ថា ដោយ​មានសេ​ក្ដី​រាយការណ៍​ពី​ករណី​កាប់​ដើមឈើ​នៅ​វត្ត​ប្រាសាទ​អធ្វារ ទើប​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប និង​អាជ្ញាធរ​ពាក់ព័ន្ធ ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង និង​ប្រទះ​ឃើញ​ឈើ​អារ​រួច​ជា​ប្រភេទ​ឈើទាល​ចំនួន​៤៦​សន្លឹក និង​ឈើមូល​ចំនួន​២​កំណាត់ហើយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ។ពេលនោះដោយពេល​វេលា​យប់​ជ្រៅ និង​ទីតាំង​កើត​ហេតុនៅ​ក្រៅ​បរិវេណវត្ត​ពុំ​មាន​អ្នក​ទទួលខុសត្រូវ ទើប​សមត្ថកិច្ច​សម្រេចដឹក​ជញ្ជូន​វត្ថុ​តាង​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ។

លោក​បន្ថែម​ថា តាម​ការ​ស្រាវជ្រាវ​របស់​មន្ត្រីនៅ​ទីតាំង​ជាក់ស្តែង ព្រះសង្ឃ​នាម ភ្លឿ​ន រ័​ត្នគ្រូសូត្រស្តាំ តំណាង​ព្រះ​ចៅអធិការ​វត្ត មាន​ថេរដីកា​ថា ការ​កាប់​ដើមឈើ​ទាល​មួយ​ដើម​នេះ ដោយសារ​ដើមឈើ​នេះ​ត្រូវ​រន្ទះបាញ់​ចាប់ផ្តើម​ងាប់ និង​មាន​មែកឈើ​មួយ​ចំនួន​បាក់​ធ្លាក់​មក​ដី អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ និងម្យ៉ាងចង់យកវាធ្វើកុដិនិងរោងបាយដាំស្លក្នុងវត្តផង។ ប៉ុន្តែបំណងនេះមិនត្រូវបាន​គណៈកម្ម​ការ​អាចារ្យវត្តជូនដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធឲ្យជ្រាប​នោះ​ទេ ។

យ៉ាងណាលោក​បញ្ជាក់​ថា ដោយ​ពិនិត្យ​ឃើញ​ថា ​វត្ត​កំពុង​សាងសង់​កុដិ និង​ដោយ​មានការ​ស្នើសុំ​បិណ្ឌបាត​ពី​ព្រះសង្ឃ និង​គណៈកម្មការ​អាចារ្យវត្ត ទើប​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​សម្រេច​ប្រគេ​ន​ឈើ​ទៅ​ព្រះសង្ឃ​វិញ និង​បាន​ចូល​បច្ច័យ​សាងសង់​កុដិ​ចំនួន​១​លាន​រៀល​ថែម​ទៀត​ផង ៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here